បរទេស ៖ ប្រជាជន វៀតណាម ៥ នាក់ ក្នុងចំណោម ៥២២ នាក់ ដែលជាមនុស្សដំបូង ដែលបានទទួល វ៉ាក់សាំង ការពារជំងឺកូវីដ១៩ AstraZeneca បានបង្កើត ផលប៉ះពាល់តិចតួច ដូចជាប្រតិកម្មអាលែហ្សី បន្ទាប់ពីចាក់លើកដំបូង។ នេះបើតាមសារព័ត៌មានអនឡាញវៀតណាម VnExpress ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃ១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសវៀតណាម បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ថ្នាក់ជាតិ របស់ខ្លួន កាលពីថ្ងៃច័ន្ទ ដោយប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ របស់ ក្រុមហ៊ុន AstraZeneca ដោយបុគ្គលិកពេទ្យជួរមុខ គឺជាអ្នកដំបូងគេ ដែលបាន ចាក់វ៉ាក់សាំងនេះ ។ ក្រសួងការពារជាតិ និងសន្តិសុខ សាធារណៈ វៀតណាម ក៏ទទួលបាន ការចាក់វ៉ាក់សាំង សម្រាប់មន្រ្តី និងបុគ្គលិកយោធា ដែលជាអ្នកធ្វើតេស្តិ៍ ប្រជាជនចំពោះជំងឺនេះ ឬបញ្ជូនពួកគេទៅក្នុងកន្លែង ដាច់ដោយឡែក ។
យោងតាមកាសែតអនឡាញ VnExpress បានអោយដឹងថា ២នាក់ ក្នុងចំណោមអ្នក ដែលបានចាក់វ៉ាក់សាំង បានទទួលរងពីការប្រតិកម្មថ្នាំ រីឯ ៣ នាក់ទៀតវិវត្តទៅជាជំងឺរាគរូស អាឡែរហ្សី និងសម្ពាធជីពចរទាប។ បច្ចុប្បន្នអ្នកទាំង ៥ ស្ថិតក្នុងស្ថានភាពមានស្ថេរភាព និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ៕ប្រែសម្រួលៈ ណៃ តុលា