ព័ត៌មានអន្តរជាតិ

ការនាំចេញ របស់កូរ៉េខាងត្បូង ទៅកាន់អាមេរិក កើនឡើង ២៦ភាគរយ ចាប់តាំពីអនុវត្ដ កិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី

សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃអាទិត្យនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់ទៅ ២៦ ភាគរយចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១២ ដោយបានរីកលូតលាស់ក្នុងល្បឿនលឿន បើប្រៀបធៀបជាមួយសមភាគីផ្សេងទៀត។

យោងតាមទិន្នន័យ ដែលបានចងក្រងដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ការនាំចេញរបស់ប្រទេសសេដ្ឋកិច្ចលេខ ៤ របស់អាស៊ីទៅកាន់សហរដ្ឋអាមេរិក បានឈានដល់ ៧៤,១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ បើធៀបនឹង ៥៨,៥ ពាន់លានដុល្លារកាលពីឆ្នាំ២០១២ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរបានចូលជាធរមានក្នុងឆ្នាំ ២០១២ ។ ក្នុងរយៈពេលនេះការនាំចេញទៅក្រៅប្រទេសរបស់កូរ៉េខាងត្បូង បានកើនឡើង ៦,៤ ភាគរយ។

ប្រហែល ៨៤ ភាគរយនៃផលិតផល ដែលបានធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានកត់សម្គាល់ពីការកើនឡើងយ៉ាងខ្លាំងពី ៧៩ ភាគរយ ដែលត្រូវបានប្រកាសក្នុងឆ្នាំ២០១៥ ដែលជាទិន្នន័យចុងក្រោយបំផុត។

 ការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ១,១ ភាគរយក្នុងឆ្នាំ២០២០ ខណៈដែលការនាំចេញជាទូទៅរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ៥,៥ ភាគរយចំពេលជំងឺរាតត្បាតកូវីដ-១៩ ដែលភាគច្រើននាំមុខដោយបន្ទះឈីប និងផលិតផលកុំព្យូទ័រ។

ការនាំចេញឈីបទៅសហរដ្ឋអាមេរិក បានកើនឡើង ២៥,៣ ភាគរយក្នុងឆ្នាំ២០២០ ខណៈពេលដែលកុំព្យូទ័រ បានកើនឡើងទ្វេដង នៅពេលដែលមនុស្សធ្វើការកាន់តែច្រើនពីផ្ទះ ក្នុងអំឡុងពេលជំងឺរាតត្បាត៕

Most Popular

To Top