បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នឹងក្លាយជាមេដឹកនាំបរទេសទីមួយ ដែលបានជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដោយផ្ទាល់ នៅសេតវិមាន នៅពេលលោកធ្វើទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន នាខែក្រោយនេះ។
សម្រាប់លោក Yoshihide Suga ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងខែកញ្ញា វានឹងជាដំណើរទស្សនកិច្ចដំបូងរបស់លោក ទៅសហរដ្ឋអាមេរិក និងជាទស្សនកិច្ចលើកទីពីរនៅក្រៅប្រទេសជប៉ុន។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីទទូលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បានប្រកាសពីដំណើរទស្សនកិច្ចនោះ នៅក្នុងអំឡុងសន្និសីទកាសែតមួយ កាលពីថ្ងៃសុក្រម្សិលមិញនេះ។
នៅក្នុងជំនួបនោះ លោកប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីការរាតត្បាតនៃមេរោគកូរ៉ូណា សម្ពន្ធភាពរបស់ប្រទេសជប៉ុនជាមួយសហរដ្ឋអាមេរិក និងក្តីព្រួយបារម្ភកំពុងកើនឡើងជុំវិញរឿងប្រទេសចិន៕
ប្រែសម្រួល៖ប៉ាង កុង