បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា យន្តហោះទម្លាក់គ្រាប់កងទ័ពអាកាសអាមេរិក B-1 មួយគ្រឿង បានចុះចតនៅក្នុងប្រទេសប៉ូឡូញជាលើកទីមួយ សម្រាប់សមយុទ្ធចាក់សាំងរហ័ស កាលពីថ្ងៃសុក្រ នៅមូលដ្ឋានទ័ពអាកាស Powidz។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធនោះ បានកាត់បន្ថយពេលវេលានៃការចាក់ប្រេង ដូច្នោះធ្វើឲ្យយន្តហោះទម្លាក់គ្រាប់ អាចវិលត្រឡប់ទៅក្នុងអាកាសវិញបានយ៉ាងលឿន។
ក្រៅពីនោះ ការចុះចតនេះ ក៏ជាលើកដំបូងផងដែរ ដែលប្រតិបត្តិការចាក់ប្រេងរហ័ស ត្រូវបានធ្វើឡើងលើយន្តហោះទម្លាក់គ្រាប់ នៅក្នុងតំបន់អឺរ៉ុប។
គួរបញ្ជាក់ថា ការចាក់ប្រេងរហ័ស គឺជាកត្តាចម្បងមួយនៃការដាក់ពង្រាយប្រយុទ្ធ ដែលធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពរបស់យន្តហោះទម្លាក់គ្រាប់ ដាក់ពង្រាយបានលឿន និងធ្វើប្រតិបត្តិការពីតំបន់ដាច់ស្រយាល់ ជាមួយកម្រិតសមត្ថភាពនិងការគំាទ្រផ្សេងៗ៕
ប្រែសម្រួល៖ប៉ាង កុង


