បរទេស៖ នៅតាមផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា ប៉ូលិសកំពុងតាមប្រមាញ់បុរសម្នាក់ ខណៈដែលស្នូរកាំភ្លើងផ្ទុះឡើងនៅខាងក្រោយ។ បុរសនោះស្ថិតនៅក្នុងការឃុំឃាំង ហើយមិនមានសញ្ញាណណាមួយបង្ហាញថា គាត់បានតស៊ូឡើយ ភ្លាមៗនោះមន្រ្តីម្នាក់បានបាញ់គាត់ពីខាងក្រោយ, ទាត់ធាក់ នៅពេលគាត់ដេកដួលនៅលើដី។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧប្បត្តិហេតុដែលត្រូវបានថតនៅលើវីដេអូ គឺជារឿងមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលត្រូវបានគេរាយការណ៍ ចាប់តាំងពីមានរដ្ឋប្រហារយោធាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈ បាននាំឱ្យមានប្រជាជន ចេញតវ៉ាទៅតាមផ្លូវ។
ការបង្ក្រាបប្រឆាំងនឹងការតវ៉ា បានសម្លាប់មនុស្សជាង ៧០ នាក់រួចទៅហើយ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែយោធា ឬ កងកម្លាំង Tatmadaw បានទទូចថា កងកំលាំងសន្តិសុខបានធ្វើសកម្មភាពដោយអត់ធ្មត់ប្រឆាំងនឹង“ ក្រុមបាតុករកុបកម្ម” ដែលពួកគេចោទប្រកាន់ថា បានវាយប្រហារមកលើប៉ូលីស៕
ប្រែសម្រួលៈ ណៃ តុលា

