ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ត្រៀមផ្អាកការ ដកទ័ព ចេញពី អាហ្វហ្គានីស្ថាន

បរទេស ៖ សហរដ្ឋអាមេរិក ហាក់ត្រៀមបន្តវត្តមាន កងទ័ពខ្លួននៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ហួសពីកាលកំណត់ថ្ងៃទី០១ ខែឧសភា ដែលបានព្រមព្រៀងគ្នា ជាមួយពួកតាលីបង់ កាលពីឆ្នាំមិញ ទន្ទឹមនឹងការប្រឹងប្រែងរក្សា កិច្ចព្រមព្រៀងសន្តិភាព បណ្ដោះអាសន្ន ដែលអាចបញ្ចប់សង្គ្រាមដ៏វែងបំផុត របស់អាមេរិក និង អនុញ្ញាតឲ្យលោកប្រធានាធិបតី ចូ បៃដិន បន្តឆ្ពោះទៅរកគោលដៅ នៃគោលនយោបាយ បរទេសមួយ ។

សេចក្តីសម្រេច ស្តីពីជោគវាសនា កងទ័ពអាមេរិក២.៥០០នាក់ ដែលកំពុងស្ថិតនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន គឺជារឿងបន្ទាន់ខ្លាំងឡើង ស្របពេលដែលរដ្ឋបាល អាមេរិកដើរចូលទៅកាន់តែ ជិតកាលផុតកំណត់ ដែលរដ្ឋបាលលោក ត្រាំ បានព្រមព្រៀង ក្នុងខែកុម្ភៈ ឆ្នាំ២០២០ថា នឹងដកកងទ័ពអាមេរិកក្នុងខែឧសភា ក្រោយកិច្ចចរចាគ្នា ជាមួយពួកតាលីបង់ ។

ស្របពេលដែលរដ្ឋបាលលោក បៃដិន រំឭកថា មិនទាន់មានការ សម្រេចចិត្តធ្វើឡើង លើការបន្តវត្តមានទ័ពអាមេរិកនោះ មន្ត្រីនិងអ្នកជំនាញ បានចង្អុលបង្ហាញសញ្ញា មួយចំនួនថា រដ្ឋបាលទំនងជានឹងផ្អាកការ ដកទ័ពទាំងស្រុង ដើម្បីទុកពេលបន្ថែមពន្លឿន សំណើបែងចែកអំណាច ដែលពួកគេសង្ឍឹមថា អាចបំបែកភាពជាប់គាំងក្នុងកិច្ចពិភាក្សាគ្នា រវាងពួកសកម្មប្រយុទ្ធនិងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។

លោក Laurel Miller ដែលបានបម្រើការជាមន្ត្រី ជាន់ខ្ពស់ទទួលបន្ទុកកិច្ចការ អាហ្វហ្គានីស្ថាន នៅក្នុងរដ្ឋបាល លោក អូបាម៉ា និងលោក ត្រាំ បានមានប្រសាសន៍ថា វានឹងជារឿងមិនអាចស្ទង់បាន ចំពោះការ ដកកងកម្លាំងអាមេរិក ក្នុងរយៈពេល៦០ថ្ងៃបន្ទាប់នោះទេ ដោយគ្មានការបង្ក អសន្តិសុខនិងបង្កគ្រោះ ដល់ឱកាសសម្រាប់ កិច្ចព្រមព្រៀងចុងក្រោយ ដែលអាចឲ្យអាមេរិកដកទ័ពចេញ ដោយគ្មានការភ័យខ្លាចថា អាហ្វហ្គានីស្ថាន នឹងមិនក្លាយជាជម្រក អំពើភេរវកម្មជាថ្មីម្តងទៀត ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top