ព័ត៌មានអន្តរជាតិ

ក្រុមការងារ WHO- ចិន ស្នើឱ្យបន្តស្រាវជ្រាវរកករណីជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក 

ប៉េកាំង៖ អង្គការសុខភាពពិភពលោក (WHO) និងក្រុមរួមរបស់ចិន បានស្នើឱ្យបន្តស្វែងរកករណីដែលអាចកើតមាននៅដំណាក់កាលធំទូលាយ នៅជុំវិញពិភពលោកនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Liang Wannian សមាជិកក្រុមរួមគ្នារវាងអង្គការសុខភាពពិភពលោក និងចិន បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានខ្លីមួយទៅកាន់អ្នកការទូតអឺរ៉ុប អំពីដើមកំណើតនៃវីរុសរាតត្បាតកូវីដ-១៩ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

លោក Liang បានលើកឡើងថា ប្រទេសចិន បានជំនះសម្ពាធនៃការការពារជំងឺរាតត្បាតក្នុងស្រុក ដើម្បីធ្វើការជាមួយអង្គការសុខភាពពិភពលោក ដោយធ្វើការស្រាវជ្រាវពីប្រភពដើមនៃវីរុសនេះ។  អ្នកជំនាញចិន និងអ្នកជំនាញខាងសុខភាពពិភពលោក បានធ្វើការរួមគ្នានៅទីក្រុងវូហាន ចាប់ពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំនេះ។

ក្រុមការងារបានទៅទស្សនកិច្ច ៩ កន្លែងរួមមានមន្ទីរពេទ្យ Wuhan Jinyintan, ផ្សារអាហារសមុទ្រ Huanan និងវិទ្យាស្ថានវូហាន Virology ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ 

លោកបានបន្ថែមថាក្រុមនេះក៏បានចុះជួប និងពិភាក្សាជាមួយបុគ្គលិកពេទ្យក្នុងស្រុកអ្នកស្រាវជ្រាវ មន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្រអ្នកគ្រប់គ្រងទីផ្សារ កម្មករ សហគមន៍ បានរកឃើញអ្នកជំងឺ និងក្រុមគ្រួសារនៃបុគ្គលិកពេទ្យដែលបានបាត់បង់ជីវិត ដោយសាររោគរាតត្បាត។

លោកបានបន្ថែមថា ការសិក្សារួមគ្នាបានទទួលលទ្ធផលជាវិជ្ជមាន និងឈានដល់ការរកឃើញ និងការសន្និដ្ឋានមួយចំនួន ដោយសារកិច្ចខិតខំប្រឹងប្រែងពីភាគីទាំងពីរ៕ដោយ ឈូក បូរ៉ា


Most Popular

To Top