បរទេស៖មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ បានលើកឡើងពីក្តីព្រួយបារម្ភស្តីពីឥរិយាបថរបស់ចិននៅទីក្រុងហុងកុង តំបន់ស្វយ័តស៊ីនជាំង និងតំបន់នានាផ្សេងទៀត និងបាននិយាយថា វាមិនស្របនឹងបទបញ្ជាអន្តរជាតិ។
សេចក្តីថ្លែងការណ៍រួមគ្នា ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងសមភាគីជប៉ុន បាននិយាយថា ពួកគេមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីការវិវត្តដ៏គួរឲ្យរំខានថ្មីៗនេះនៅក្នុងតំបន់ ដូចជាច្បាប់ការពារដែនសមុទ្ររបស់ចិនជាដើម។
តាមសេចក្តីរាយការណ៍ មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរ បាននិយាយថា ពួកគេបានពិភាក្សាគ្នាអំពីការប្តេជ្ញាឥតងាករេរបស់ ទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចការពារប្រទេសជប៉ុន នៅដែនសមុទ្រចិនខាងកើត និងបានលើកឡើង ជាថ្មីពីការប្រឆាំង ចំពោះការអះអាងកម្មសិទ្ធិសមុទ្រខុសច្បាប់ នៅដែនសមុទ្រចិនខាងត្បូង៕ប្រែសម្រួល៖ប៉ាង កុង