បរទេស៖ឧបនាយករដ្ឋមន្ត្រីជប៉ុន លោក តារ៉ូ អាសូ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកត្រូវតែរួមគ្នាការពារតៃវ៉ាន់ ក្នុងករណីមានបញ្ហាធំណាមួយ ហើយនេះគឺជាការបង្ហាញ កម្រតិខ្ពស់មួយពីទីក្រុងតូក្យូ លើប្រធានបទដ៏រសើប។

ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ បានរាយការណ៍ថា ក្នុងការថ្លែងនៅក្នុងពិធីរៃអង្គាសប្រាក់នយោបាយនៅទីក្រុងតូក្យូ កាលពីថ្ងៃចន្ទ លោកឧបនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានថ្លែងថា ការឈ្លានពានលើតៃវ៉ាន់ ធ្វើឡើងដោយប្រទេសចិន អាចត្រូវបានឃើញថា ជាការគម្រាមកំហែងជាក់ស្តែង អនុញ្ញាតឲ្យជប៉ុនអនុវត្តសិទ្ធិស្វយការពារសមូហភាព។
ប្រទេសជប៉ុនបានប្រឹងប្រែងបញ្ចៀសការធ្វើឲ្យចិន ដែលជាដៃគូជំនួញដ៏ធំបំផុតរបស់ខ្លួនមានអារម្មណ៍ឯកោ ទន្ទឹងនឹងការរក្សាសម្ពន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ស្របពេលដែលភាពតានតឹងរវាងមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំងពីរ ជុំវិញប្រធានបទ មានចាប់តាំងពីរឿងប្រភពជម្ងឺកូវីដ១៩ រហូតដល់បញ្ហាសិទ្ធិមនុស្ស។

ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះថា ប្រទេសចិនមើលឃើញ ការថ្លែងបែបនេះរបស់ជប៉ុន ថាជាការខុសឆ្គង់និងគ្រោះថ្នាក់ក្រៃលែង។
មន្ត្រីនាំពាក្យចិនរូបនេះបានបន្តដូច្នេះថា “យើងនឹងមិនអនុញ្ញាត ឲ្យប្រទេសណាមួយ ធ្វើការជ្រៀតជ្រែកដោយវិធីណាមួយ ក្នុងបញ្ហាតៃវ៉ាន់ឡើង ហើយគ្មានអ្នកណាអាចធ្វើការវាយតម្លៃទាប ចំពោះការប្តេជ្ញា ឆន្ទៈនិងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិន ក្នុងកិច្ចការពារអធិបតេយ្យភាពជាតិ”៕
