តេហរ៉ង់ៈ កាសែតចិនដេលី នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់និងប្រទេសរុស្ស៊ី បានធ្វើការរិះគន់ចំៗ ទៅលើការសម្រេចចិត្តរបស់អង់គ្លេស ក្នុងការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ដោយក្នុងនោះរដ្ឋឥស្លាមអ៊ឺរ៉ង់ បានហៅវាថា ជាពុតត្យុតដ៏អាក្រក់ ខណៈដែលរុស្សីបានព្រមានថា ជាសកម្មភាពគម្រាមកំហែង ទៅដល់ស្ថេរភាពពិភពលោក។

គួរឲ្យដឹងដែរថា អង់គ្លេសកាលពីថ្ងៃអង្គារ បានប្រកាសអំពីផែនការ បង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ពី១៨០ទៅដល់២៦០គ្រាប់ ឲ្យបាននៅត្រឹមចុងទសវត្សនេះ ដែលវាគឺជាការដកស្រង់ចេញពីការគូសបញ្ជាក់ឡើងវិញ នូវគោលនយោបាយការបរទេសរបស់ខ្លួន។

កន្លងមក អង់គ្លេសតែងតែ បានធ្វើការទិះតៀនរដ្ឋាភិបាលក្រុងតេហរ៉ង់ដដែល អំពីកម្មវិធីនុយក្លេអ៊ែរ និងលើកឡើង អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអាមេរិកក្រោមការដឹកនាំ របស់លោក Donald Trumpនាពេលកន្លងមក បានប្រកាសដកខ្លួនចេញទៅហើយនោះ។

រដ្ឋាភិបាលក្រុងមូស្គូមកដល់ពេលនេះ ក៏នៅតែបានព្យាយាម ក្នុងការបញ្ចុះបញ្ចូលឲ្យក្រុងវ៉ាក់ស៊ិនតោន និងរដ្ឋាភិបាលក្រុងតេហរ៉ង់ ដើម្បីអាចត្រឡប់ ចូលមកចាប់យកកិច្ចព្រមព្រៀង នុយក្លេអ៊ែររួមគ្នាវិញ ប៉ុន្តែរដ្ឋាភិបាលអាមេរិកថ្មីលោក Joe Biden ហាក់ដូចជា មានការគាំទ្រយ៉ាងខ្លាំងផងដែរ ចំពោះការសម្រេចចិត្តកន្លងមក ដោយលោក Trump ៕
ប្រែសម្រួល៖ស៊ុនលី

