រ៉ង់ហ្គូន ៖ ចំនួនអ្នកឆ្លងជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៤២,២៤០នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ខណៈហានិភ័យ នៃការបង្ករោគ ដែលអាចកើតមាន នៅក្នុងបាតុកម្មប្រឆាំង រដ្ឋប្រហារយោធា បន្ដកើនឡើង នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
សេចក្តីរាយការណ៍ឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីករណីវិជ្ជមានចំនួន ១៣ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ហើយចំនួនអ្នកស្លាប់សរុបមានចំនួន ៣,២០៤ នាក់ ។
អ្នកជំងឺដែលសរុប មានចំនួន ១៣១,៧៦៣ នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យរហូតមកដល់ពេលនេះ។ ចំនួនសំណាក ដែលត្រូវបានធ្វើតេស្តប្រចាំថ្ងៃសម្រាប់ជំងឺកូវីដ – ១៩ បានថយចុះមកនៅប្រហែល ១០០០សំណាក ពីគំរូមុនៗចំនួន ១០,០០០សំណាក ចាប់តាំងពីដើមខែកុម្ភៈ។
ករណីឆ្លងជំងឺរាត ត្បាតកូវីដ-១៩ ត្រូវបានគេរកឃើញដំបូង នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំមុន ហើយចំនួនអ្នកឆ្លង បានកើនឡើង ជាបន្ដបន្ទាប់ ដោយឡែក សម្រាប់បច្ចុប្បន្ននេះដែរ ជាពេលវេលាគួរឲ្យព្រួយបារម្ភ ដោយសារតែប្រជាពលរដ្ឋនាំគ្នា ធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំង នឹងរដ្ឋប្រហារយោធា ដោយមិនគិតពីហានិភ័យ នៃការឆ្លងជំងឺឡើយ ៕
ដោយ ឈូក បូរ៉ា