បរទេស ៖ ប្រទេសថៃ ស្ថិតនៅលំដាប់ទី ៥៤ ក្នុងចំណាត់ថ្នាក់ នៃរបាយការណ៍ប្រទេស មានសុភមង្គលពិភពលោក ចំណែកប្រទេស ហ្វាំងឡង់ឈរនៅលើគេ នៃពិភពលោក និងសិង្ហបុរីល្អជាងគេក្នុងចំណោម សមាជិកអាស៊ាន ។ ទោះបីស្ថិតក្នុងចំណាត់ថ្នាក់ទី ៥៤ ក្នុងចំណោម ១៤៩ ប្រទេសក៏ដោយ ប្រទេសថៃ ស្ថិតក្នុងចំណោមប្រជាជាតិនានា ដែលត្រូវបានគេកោតសរសើរ ចំពោះជោគជ័យ ក្នុងការទប់ស្កាត់ការផ្ទុះឡើង នៃ Covid-19 ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសឡាវ កម្ពុជា និង ប្រទេស មីយ៉ាន់ម៉ា បានឈរនៅចំណាត់ថ្នាក់ទី ១០០ ទី ១១៤ និងទី ១២៦ រៀងៗខ្លួន ។ ប្រទេសប្រ៊ុយណេ មិនបាននៅក្នុង របាយការណ៍នោះទេ។
ប្រទេសហ្វាំងឡង់ ត្រូវបានគេវិនិច្ឆ័យថា ជាប្រទេសដែលមានភាព សប្បាយរីករាយ បំផុត នៅលើពិភពលោកម្តងទៀត ខណៈដែលប្រទេសសិង្ហបុរី ទទួលបានឋានៈខ្ពស់បំផុត ក្នុងចំណោមសមាជិក នៃប្រជាជាតិអាស៊ីអាគ្នេយ៍ – នៅលេខ ៣២ ។
ប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី ៦១ បន្ទាប់មកគឺប្រទេស វៀតណាម នៅលេខ ៧៩ និងប្រទេសម៉ាឡេស៊ី នៅលេខ ៨១ ដែលជាប្រទេស នាំមុខឥណ្ឌូនេស៊ី ។
របាយការណ៍ប្រចាំឆ្នាំគណនា ចំណាត់ថ្នាក់ពីកត្តាមួយចំនួន រួមទាំងផលិតផលក្នុងស្រុកសរុប និងអាយុប្រជាជន , ការប្រើប្រាស់ទិន្នន័យពី Gallup World Poll ដែលជាប្រភពសំខាន់ ៕
ប្រែសម្រួលៈ ណៃ តុលា