សេអ៊ូល ៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ នៅថ្ងៃច័ន្ទនេះ បានបដិសេធ ចំពោះរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងអង់គ្លេស បានចាប់ផ្តើមពិភាក្សា ក្រៅផ្លូវការ ស្តីពីកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យា សម្រាប់នាវាដឹកយន្តហោះ ។
នៅថ្ងៃចន្ទនេះកាសែត Daily Telegraph បានរាយការណ៍ថា“ ប្រព័ន្ធ និងការរចនាជឿនលឿន” របស់ប្រទេសនេះ អាចត្រូវបាននាំចេញ ទៅប្រទេសកូរ៉េខាងត្បូង ដោយសារមន្ត្រីពាណិជ្ជកម្មរបស់ខ្លួន បានចាប់ផ្តើមពិភាក្សា ក្រៅផ្លូវការជាមួយសមភាគីកូរ៉េ អំពីវិស័យបច្ចេកវិទ្យា ដែលប្រទេសនេះអាចចាប់អារម្មណ៍ ។
ប្រព័ន្ធ និងការរចនាត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនការពារជាតិអង់គ្លេស គឺ Babcock, BAE Systems និង Thales ។
លោកវរសេនីយ៍ឯក Suh Yong-won អ្នកនាំពាក្យរដ្ឋបាលកម្មវិធីការទិញ យកអាវុធការពារជាតិ (DAPA) បានលើកឡើងថា“ វាមិនពិតនោះទេ ដែលយើងបានចាប់ ផ្តើមពិភាក្សាក្រៅផ្លូវការ ជាមួយរដ្ឋាភិបាលអង់គ្លេស លើបញ្ហានេះ” ។
មន្រ្តីម្នាក់ទៀតបានអះអាងថា ប្រទេសកូរ៉េខាងត្បូង កំពុងធ្វើការសាងសង់នាវា ផ្ទុកយន្តហោះធុនស្រាល ដែលមានទម្ងន់ ៣០,០០០ តោន ប៉ុន្តែវាមិនទាន់ស្ថិតក្នុងដំណាក់កាល នៃការជ្រើសរើសក្រុមហ៊ុននៅឡើយទេ ។
លោកបានបន្ថែមថា“ អាចមានការពិភាក្សា ក្នុងចំណោមក្រុមហ៊ុនកូរ៉េខាងត្បូង និងអង់គ្លេសដែលនឹងចូលរួមក្នុងគម្រោងនេះ ប៉ុន្តែគ្មានការពិភាក្សាកម្រិតរដ្ឋាភិបាលណាមួយ ត្រូវបានបង្កើតឡើង នោះទេ រហូតមកដល់ពេលនេះ”៕
ដោយ ឈូក បូរ៉ា