ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ធ្វើតេស្ដមីស៊ីល រយៈចម្ងាយខ្លី ដែលស្ថិតក្នុងការ ហាមឃាត់ពីយូអិន

សេអ៊ូល ៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ សហរដ្ឋអាមេរិក បាននិយាយ នៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានសាកល្បងប្រព័ន្ធរយៈចម្ងាយខ្លី មួយកាលពីចុងសប្តាហ៍ ខណៈដែលការសាកល្បងនេះ ដំណើរការ ជាសកម្មភាព យោធាធម្មតា។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់ បានប្រាប់អ្នកយកព័ត៌មាននៅក្នុង សន្និសីទកាសែតតាមទូរស័ព្ទថា ប្រព័ន្ធអាវុធដែលកូរ៉េខាងជើង បានធ្វើតេស្ត នៅចុងសប្តាហ៍នេះ មិនត្រូវបានចែងនៅក្នុង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិឡើយ ។

មន្ត្រីទាំងនោះមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមអំពីការធ្វើតេស្តនេះទេ ដោយសំអាងលើហេតុផល ស៊ើបការណ៍សម្ងាត់។ ប្រព័ន្ធផ្សព្វផ្សាយ សហរដ្ឋអាមេរិក បានរាយការណ៍ថា ការសាកល្បង កាលពីចុងសប្តាហ៍ពាក់ព័ន្ធ នឹងមីស៊ីលរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ ដែលនេះជាលើកដំបូងដែលកើតឡើង ក្រោមការគ្រប់គ្រងអាណត្ដិថ្មី របស់លោក ចូ បៃដិន ។

មន្ត្រីម្នាក់បានអះអាងថា “វាគឺជាផ្នែកធម្មតាមួយ នៃការធ្វើតេស្ដ ដែលកូរ៉េខាងជើង អាចធ្វើបាន ។ យើងមិនជឿថា វាជាផលប្រយោជន៍ល្អបំផុត របស់យើងក្នុងការធ្វើរឿង ទាំងនេះទេ” ។

មន្ត្រីរូបនេះក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកនឹង បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តការទូតជាមួយកូរ៉េខាងជើង ដោយមានការសម្របសម្រួលយ៉ាង ជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ជប៉ុន និងចិន។

មន្ត្រីជាន់ខ្ពស់ ក៏បានបង្ហាញ ផងដែរថា រដ្ឋបាលលោក បៃដិន កំពុងស្ថិតក្នុងដំណាក់ កាលចុងក្រោយ នៃការត្រួតពិនិត្យគោល នយោបាយរបស់ខ្លួនទាក់ទង នឹងកូរ៉េខាងជើង ហើយទីប្រឹក្សាសន្តិសុខជាតិលោក ជេក ស៊ូលីវ៉ាន់ នឹងពិភាក្សាអំពីបញ្ហានេះ ជាមួយសមភាគីរបស់លោក នៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top