ព័ត៌មានអន្តរជាតិ

AstraZeneca ប្រឈម​នឹង ការព្រួយបារម្ភជុំវិញ ទិន្នន័យពីការ សាកល្បងវ៉ាក់សាំង របស់អាមេរិក

វ៉ាស៊ីនតោន ៖ វិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុន AstraZeneca PLC អាចរាប់បញ្ចូលទាំងព័ត៌មាន ដែលហួសសម័យ ពីការសាកល្បងវ៉ាក់សាំង ប្រឆាំងវីរុស នៅពេលដែលរាយការណ៍ អំពីលទ្ធផល ដែលអាចផ្តល់នូវទិដ្ឋភាព មិនពេញលេញ នៃទិន្នន័យប្រសិទ្ធភាព ។

សំណួរត្រូវបានលើកឡើង បន្ទាប់ពីក្រុមហ៊ុនជីវគីមីអង់គ្លេសមួយនេះ បានប្រកាសកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាព ៧៩ ភាគរយក្នុងការការពារជំងឺ ដែលបង្កឡើងដោយវីរុសកូវីដ-១៩នេះ នៅក្នុងការពិសោធន៍ព្យាបាល ដែលធ្វើឡើង នៅសហរដ្ឋអាមេរិក និងប្រទេសអាមេរិកខាងត្បូង ចំនួនពីរផ្សេងទៀត ។

ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា ក្រុមអ្នកជំនាញមិនបានកំណត់ពីបញ្ហាសុវត្ថិភាព ទាក់ទងនឹងវ៉ាក់សាំងនោះទេ រួមទាំងការកើនឡើង ហានិភ័យនៃការកកឈាម ។ ការកកឈាមក្នុងចំនោម អ្នកដែលបានទទួលការ ចាក់ថ្នាំបង្ការរោគ ត្រូវបានគេរាយការណ៍នៅអឺរ៉ុប ដែលនាំឱ្យបារាំង និងប្រទេសដទៃទៀត ផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់វិទ្យាស្ថាន បានឲ្យដឹងថា កាលពីល្ងាចថ្ងៃច័ន្ទក្រុមប្រឹក្សា ត្រួតពិនិត្យសុវត្ថិភាព ឯករាជ្យបានជូនដំណឹង ដល់វិទ្យាស្ថានថា ខ្លួនមានការព្រួយ បារម្ភពីព័ត៌មាន ដែលចេញផ្សាយដោយ AstraZeneca លើទិន្នន័យដំបូងពីការ សាកល្បងគ្លីនិកវ៉ាក់សាំង ។

ក្រុមហ៊ុនបានអះអាងថា“ យើងជំរុញឱ្យក្រុមហ៊ុនធ្វើការ ជាមួយក្រុមប្រឹក្សាទិន្នន័យ និងត្រួតពិនិត្យសុវត្ថិភាព ដើម្បីពិនិត្យឡើងវិញ នូវទិន្នន័យប្រសិទ្ធភាព និងធានាឱ្យបាននូវទិន្នន័យប្រសិទ្ធភាពត្រឹមត្រូវ និងទាន់សម័យបំផុត ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

តួលេខដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទ គឺផ្អែកលើការវិភាគបណ្តោះអាសន្ន ជាមួយនឹងការកាត់ផ្តាច់ទិន្នន័យ កាលពីថ្ងៃទី១៧ ខែកុម្ភៈ។ លោកបានបន្ថែមថា វាបានធ្វើការពិនិត្យហើយលទ្ធផល គឺស្របទៅនឹងការ វិភាគបណ្តោះអាសន្ន ៕ដោយ ឈូក បូរ៉ា

Most Popular

To Top