ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងចិន ជំរុញឱ្យមាន កិច្ចប្រជុំកំពូលយូអិន ដោយបង្ហាញកំហឹង ទៅលោកខាងលិច

ប៉េកាំង ៖ ប្រទេសរុស្ស៊ី និងចិន បានឲ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេស ទាំងពីរ ចង់បានកិច្ចប្រជុំកំពូល នៃសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ចំពេលដែលគេហៅថា ភាពចលាចលនយោបាយ កាន់តែខ្ពស់ ដោយទីក្រុងមូស្គូ បាននិយាយថា ពួកគេជឿជាក់ថា សហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពតាមរបៀបបំផ្លិចបំផ្លាញ ។

សម្ព័ន្ធមិត្តទាំងពីរ ដែលទំនាក់ទំនង ជាមួយ លោកខាងលិច កំពុងស្ថិតក្នុងសភាពតានតឹង កាន់តែខ្លាំងឡើង បានអំពាវនាវឱ្យមាន កិច្ចប្រជុំកំពូល របស់អង្គការ សហប្រជាជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ រួមមួយ បន្ទាប់ពីកិច្ចពិភាក្សា រវាងរដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ ។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយ នៅលើអ៊ីនធឺណិតបានឲ្យដឹងថា“ នៅក្នុងពេលនៃការកើនឡើង នូវវិបត្តិនយោបាយសកល កិច្ចប្រជុំកំពូលនៃសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គឺ ចាំបាច់ដើម្បីបង្កើត ការសន្ទនាដោយផ្ទាល់ អំពីវិធីដើម្បីដោះស្រាយបញ្ហា រួម របស់មនុស្សជាតិ និងផលប្រយោជន៍ នៃការរក្សាស្ថេរភាពសកល” ដោយ ទីក្រុងមូស្គូ បានជំរុញជាឯកតោភាគី ជាយូរមកហើយ សម្រាប់កិច្ចប្រជុំកំពូល បែបនេះ ។

សេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់ពីឈ្មោះ សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov ត្រូវបានទីភ្នាក់ងារសារព័ត៌មាន TASS ដកស្រង់សម្តីដោយប្រាប់សន្និសីទ សារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយ សមភាគីចិនលោកវ៉ាង យី ថាទីក្រុងមូស្គូ និងប៉េកាំង មិនសប្បាយចិត្តនឹង អាកប្បកិរិយារបស់ អាមេរិកឡើយ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top