បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងស្ត្រីទីមួយរបស់លោក គឺលោកស្រី Kim Jung-sook តាមសេចក្តីរាយការណ៍ បានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca នៅថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលដែលមានមន្ទិលសង្ស័យ អំពីថ្នាំវ៉ាក់សាំងនេះ ជាបន្តបន្ទាប់ ។
លោក មូន ជេអ៊ីន មានវ័យ៦៨ឆ្នាំ បានចាក់ថ្នាំវ៉ាក់សាំង នៅមជ្ឈមណ្ឌលសុខាភិបាល សាធារណៈ នៅក្នុងទីក្រុងសេអ៊ូល មុនគម្រោងចូលរួមកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេស អង់គ្លេស នាខែមិថុនាខាងមុខ។ ប្រទេសកូរ៉េខាងត្បូង ត្រូវបានអញ្ជើញជាផ្លូវការ ឲ្យចូលរួម កិច្ចប្រជុំ នៃប្រទេសមានសេដ្ឋកិច្ច ជឿនលឿនបំផុត ក្នុងពិភពលោក ក្នុងនាមជាភ្ញៀវ សម្រាប់ជាលើកដំបូង នៅក្នុងខែមករា ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង Donga Ilbo បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងត្បូង បានចាក់ថ្នាំវ៉ាក់សាំង ពីក្រុមហ៊ុនអង់គ្លេសនិងស្វីសនេះ ដើម្បីបំបាត់ក្តីព្រួយបារម្ភ របស់សាធារណជន ជុំវិញប្រសិទ្ធភាពរបស់ថ្នាំ AstraZeneca នោះ ។
នៅក្នុងខណៈទទួលថ្នាំវ៉ាក់សាំងនោះ លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ការចាក់ថ្នាំនេះគឺមិនឈឺទេ ហើយគ្មានបញ្ហានោះទេ ។ កាលពីថ្ងៃចន្ទកន្លងទៅ លោកប្រធានាធិបតីរូបនេះ បានថ្លែងនៅក្នុងកិច្ច ជំនួបមួយជាមួយជំនួញការថា គោលនយោបាយគួរតែផ្តោត លើមន្ទិលសង្ស័យ របស់សាធារណជន ស្តីពីសុវត្ថិភាពថ្នាំវ៉ាក់សាំង៕
ប្រែសម្រួល៖ប៉ាង កុង