បរទេស៖ប្រតិបត្តិការនៅចុងសប្ដាហ៍មួយ ដែលចូលរួមដោយក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងយោធាឥណ្ឌា តាមសេចក្តីរាយការណ៍ រួមមានការចូលរួមពីសំណាក់យន្តហោះចម្បាំងឥណ្ឌា ដែលផលិតដោយរុស្ស៊ីផងដែរ។
សហសមយុទ្ធដែនសមុទ្ររយៈពេលពីរថ្ងៃ នៅមហាសមុទ្រឥណ្ឌានោះមានការចូលរួមដោយនាវាផ្ទុកយន្តហោះអាមេរិក USS Theodore Roosevelt និងនាវាអមដំណើររបស់វាចំនួន៣គ្រឿង កងដែនអាកាសរបស់នាវាផ្ទុកយន្តហោះទ័ពជើងទឹក នាវាចម្បាំងទ័ពជើងទឹកឥណ្ឌា Shivalik និងយន្តហោះចារកម្ម P-8។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព៧ត៌មាន UPI នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធនោះ ក៏រួមមានទាំងយន្តហោះចម្បាំង Su-30MKI របស់កងទ័ពជើងអាកាសឥណ្ឌាផងដែរ។
មន្ត្រីនាំពាក្យកងទ័ពអាកាសឥណ្ឌាមួយរូបបាននិយាយប្រាប់ថា “ជាបឋម ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវភាពជាដៃគូ យន្តហោះចម្បាំងរបស់កងកម្លាំងអាកាសឥណ្ឌា ក៏បានចូលរួមក្នុងសមយុទ្ធ ដែលផ្តល់ឲ្យកងទ័ពអាកាសឥណ្ឌា នូវឱកាសធ្វើការហាត់សមការស្ទាក់ដំណើរតាមដែនអាកាស និងកិច្ចការពារដែនអាកាស ជាមួយទ័ពជើងទឹករបស់អាមេរិក”៕ប្រែសម្រួល៖ប៉ាង កុង