ព័ត៌មានអន្តរជាតិ

ជប៉ុន ប្រកាសវិធានការ បន្ទាន់ នៅតំបន់នៃខេត្ត Osaka ដើម្បីទប់ស្កាត់ ជម្ងឺកូវីដ១៩

បរទេស៖រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងដាក់វិធានការបន្ទាន់នានា ដូចជាការកំណត់ម៉ោងពាណិជ្ជកម្មកាន់តែខ្លី និងស្នើឲ្យប្រជាជនធ្វើការងារពីផ្ទះ និងផ្អាកធ្វើសកម្មភាពនានាដូចជាការច្រៀងខារ៉ាអូខេជាដើម នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Osaka ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជម្ងឺកូវីដ១៩។

អភិបាលខេត្ត Osaka លោកស្រី Hirofumi Yoshimura បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ភ្លើងជ័យអូឡាំពិក នៅក្នុងទីក្រុងធំនៃខេត្ត គួរតែត្រូវបានផ្អាកសិន ក្រោយមួយថ្ងៃបន្ទាប់ពីលោកស្រី លើកឡើងពីក្តីព្រួយបារម្ភ ស្តីពីការកើនឡើងនៃការឆ្លងរលកទី៤។

ចំណែករដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Yasutoshi Nishimura ដែលក៏ធ្វើការដឹកនាំសកម្មភាពឆ្លើយតបនឹងជម្ងឺកូវីដ១៩ បានមានប្រសាសន៍ថា វិធានការគ្រប់គ្រងការឆ្លងជម្ងឺ នឹងគ្រប់ដណ្ដប់លើខេត្ត Osaka ខេត្ត Hyogo និងខេត្ត Miyagi ហើយនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៥ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ការសម្រេចចិត្តចុងក្រោយ ស្តីពីការអនុម័តឲ្យអនុវត្តវិធានការនោះ គឺត្រូវធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រុមការងារមួយ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃចន្ទនេះ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top