បរទេស ៖ កិច្ចប្រជុំត្រីភាគីមួយ ក្នុងចំណោម ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan និងសមភាគី របស់លោកមកពីប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចចុងក្រោយ នូវគោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះកូរ៉េខាងជើង ។
នៅក្នុងអំឡុងសន្និសីទកាសែតមួយ ជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាន និយាយដូច្នេះថា “ហេតុផលដ៏សំខាន់បំផុត សម្រាប់កិច្ចប្រជុំត្រីភាគីនេះ គឺថា វានឹងផ្តល់ឲ្យលោក Jake និងក្រុមការងាររបស់យើង នូវឱកាសពិនិត្យនិងពិភាក្សា អំពីគោលនយោបាយ របស់យើង លើកូរ៉េខាងជើង” ។
យោងតាមមន្ត្រីរូបនោះ បានឲ្យដឹងថា ការត្រួតពិនិត្យគោលនយោបាយ ដែលនឹងធ្វើការណែនាំ លើវិធីសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រទេសកូរ៉េខាងជើងនោះ គឺកំពុងតែស្ថិត នៅក្នុងដំណាក់កាលចុងក្រោយ ។
មន្ត្រីដដែលនេះបាននិយាយដូច្នេះថា “យើងរៀបចំឲ្យមានកិច្ចពិភាក្សាចុងក្រោយមួយចំនួន ជាមួយជប៉ុននិងកូរ៉េខាងត្បូង ស្របពេលដែលយើងបោះជំហានឆ្ពោះទៅមុខ ។ ប្រទេសទាំងនេះនីមួយៗ មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះផ្លូវទៅមុខដែលយើងគ្រោងទុក ហើយយើងមានបំណងពិភាក្សារឿងនោះ ក្នុងសេចក្តីលម្អិតខ្លះៗ”៕