ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមហួធី បានបាញ់ដ្រូនបង្កប់គ្រាប់បែក វាយប្រហារទៅលើមូលដ្ឋានទ័ព អាកាស របស់អារ៉ាប៊ី សាអូឌីត

សាណាអា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថា ក្រុមឧទ្ទាមហួធី នៅក្នុងប្រទេសយេមែន បាននិយាយថា ពួកគេបានបាញ់បង្ហោះដ្រូន ដែលបង្កប់គ្រាប់បែក វាយប្រហារទៅលើមូលដ្ឋាន ទ័ពអាកាស King Khalid នៅភាគនីរតី នៃប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃព្រហស្បតិ៍ ដែលនេះជាការប៉ុន ប៉ងលើកទី២ ហើយ ដែលបានធ្វើការវាយប្រហារ ប្រឆំាងនឹង អាណាចក្រមួយនេះក្នុងរយៈពេលមិន ដល់២៤ម៉ោងផង ។

លោក Yehya Sarea អ្នកនាំពាក្យយោធារបស់ក្រុមហួធី បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយ ដែលបង្ហោះតាមរយៈទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមនេះ បានឲ្យដឹងថា “កងកម្លាំងរបស់យើង បានដាក់គោលដៅទៅលើមូលដ្ឋានទ័ព អាកាស King Khalid នៅក្រុង Khamis Mushait ដោយបានបំផ្ទុះដ្រូន ដែលបង្កប់គ្រាប់បែកចំនួន០២គ្រឿង ដែលបានបុកចំគោលដៅតែម្តង” ។

ទន្ទឹមនឹងនេះដែរ ទូរទស្សន៍ Alarabiya TV គ្រប់គ្រងដោយអារ៉ាប៊ី សាអូឌីត បានដកស្រង់សេចក្តីប្រកាសមួយ ចេញដោយក្រុមដឹកនាំចម្រុះរបស់អារ៉ាប៊ី សាអូឌីត ដែលបានលើកឡើងថា ខ្លួនបានបាញ់កម្ចេចចោល និងបានបំផ្លាញដ្រូនដែលបង្កប់គ្រាប់បែក ចំនួន០២គ្រឿងផងដែរ ដែលបានបាញ់ដោយក្រុមយោធាហួធី ឆ្ពោះមកកាន់ក្រុង Khamis Mushait ។

នេះជាលើកទី២ហើយ ដែលជាការវាយប្រហារប្រឆាំង នឹងមូលដ្ឋានទ័ពអាកាសរបស់អារ៉ាប៊ី សាអូឌីត មិនដល់២៤ម៉ោងផងនោះ ។ កាលពីថ្ងៃមុន ក្រុមសកម្មប្រយុទ្ធដែលមានអ៊ីរ៉ង់ នៅពីក្រោយខ្នង បានបាញ់បង្ហោះដ្រូន វាយប្រហាររដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ី សាអូឌីត ប៉ុន្តែ ព្រះរាជាណាចក្រនេះ មិនបានធ្វើការអត្ថាធិប្បាយអ្វីនោះទេចំពោះការដាក់ការសង្ស័យទៅលើការវាយប្រហារនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top