ព័ត៌មានអន្តរជាតិ

ប្រជាជន រាប់រយនាក់ ត្រូវបានចោទប្រកាន់ និងរាប់សិបនាក់ ត្រូវជាប់គុក ដោយសារបំពានច្បាប់ កូវីដ១៩ នៅនូវែលសេឡង់

បរទេស៖ ប្រជាជននូវែលសេឡង់ជាង ៤០០ នាក់ ត្រូវបានផ្តន្ទាទោសពីបទរំលោភបំពានលើការរឹតត្បិតជំងឺឆ្លង ដោយមានម្នាក់ក្នុងចំណោម ៥ នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសនូវែលសេឡង់ បានអនុម័តច្បាប់ថ្មីកាលពីខែឧសភាឆ្នាំមុន ដែលបានផ្តល់សិទ្ធិអំណាចដល់ក្រសួងសុខាភិបាលពិសេស និងបានផ្តល់ក្របខ័ណ្ឌច្បាប់សម្រាប់ការបិទអាជីវកម្ម ដោយបង្ខំឱ្យមានការចាក់សោរ (បិទ) ឬបង្កើតបទបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ អំឡុងពេលរោគរាតត្បាត។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកប្រជាជននូវែលសេឡង់ រាប់ពាន់នាក់បានរំលោភច្បាប់ទាំងនោះ ដោយមានកំណត់ត្រានៃការរំលោភបំពានច្រើនជាង ៧.៥០០ នៅទូទាំងប្រទេស។

ការរំលោភបំពានភាគច្រើននៃច្បាប់ រឹតបន្តឹងលើវីរុសកូវីដ១៩ របស់នូវែលសេឡង់ មិនបណ្តាលឱ្យមានការចោទប្រកាន់នោះទេ ប៉ុន្តែយោងតាមទិន្នន័យរបស់ក្រសួងយុត្តិធម៌ថ្មី គឺមានមនុស្សសរុបចំនួន ៦៤០ នាក់ត្រូវបានចោទប្រកាន់ពីបទបំពាននឹងច្បាប់ Covid-19 ហើយច្រើនជាងបីភាគបួននៃអ្នកល្មើសច្បាប់ ឬ ៤៦០នាក់ ត្រូវបានផ្តន្ទាទោស។ ក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោស គឺជិត ២០% ឬ ៨៥ នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារ។ ភាគច្រើននៃមនុស្សដែលត្រូវបានចោទប្រកាន់និងផ្តន្ទាទោស គឺភាគច្រើនជាបុរសវ័យក្មេង៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top