ព័ត៌មានអន្តរជាតិ

ប្រ៊ុយណេ និងម៉ាឡេស៊ី ប្រកាសថា នឹងមានកិច្ចប្រជុំកំពូលអាស៊ាន ស្តីអំពី មីយ៉ាន់ម៉ា

បង់ដាសេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ថា មេដឹកនាំប្រ៊ុយណេ និងម៉ាឡេស៊ី បានថ្លែងឲ្យដឹងកាលពីថ្ងៃចន្ទថា អាស៊ាន នឹងរៀបចំកិច្ចប្រជុំកំពូលមួយ ដែលកំពុងកើតឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ព្រះបាទ Sultan Haji Hassanal Bolkiah ព្រះរាជាប្រ៊ុយណេ ទ្រង់បានសនវនាការទ្វេភាគីជាមួយលោក Muhyiddin Yassin នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយបានចំណាយពេលបំពេញទស្សនកិច្ចផ្លូវរការនៅលើទឹកដីប្រ៊ុយណេ នៅថ្ងៃទី០៤ដល់ទី០៥ ខែមេសា ។

យោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីការពិគ្រោះយោបល់ថ្នាក់ដឹកនាំប្រចាំឆ្នាំលើកទី២៣ ព្រះបាទ Hassanal Bolkiah និងលោក Muhyiddin Yassin បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការចាប់អារម្មណ៍ទៅវិញទៅមកក្នុងអំឡុងជួបសនវាការទ្វេភាគី និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិដែលកំពុងបន្តកើតមានឡើងនៅមីយ៉ាន់ម៉ា និងចំនួនអ្នកស្លាប់បានបន្តកើនឡើង ។

មេដឹកនាំនៃប្រទេសទាំងពីរ បានជំរុញឱ្យគ្រប់ភាគី ទាំងអស់ ជៀសវាងពីការញុះញង់ ឱ្យមានអំពើហឹង្សា បន្ថែមទៀត និងសម្រាប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់ និង ភាពបត់បែនជាបន្ទាន់ ។ មេដឹកនាំទាំងពីរ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ស្វែង រកដំណោះស្រាយដោយសន្តិវិធី និងការសន្ទនាប្រកប ដោយការស្ថាបនា ការផ្សះផ្សា និងការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ យ៉ាងឆាប់រហ័ស ស្របតាមឆន្ទៈ និងផលប្រយោជន៍ របស់ប្រជាជនមីយ៉ាន់ម៉ា និងដើម្បីសន្តិភាពសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ។

មេដឹកនាំទាំងពីរ ក៏បានរំលឹក ពីគោលបំណង និងគោលការណ៍ដែលមានចែង នៅក្នុងធម្មនុញ្ញអាស៊ាន ហើយបានសង្កត់ធ្ងន់ថា ខ្លួននៅតែស្ថិតក្នុង ចំណាប់អារម្មណ៍កាន់តែខ្លាំងរបស់អាស៊ាន ដោយយល់ឃើញថា ប្រទេសមីយ៉ាន់ម៉ា អាចដោះស្រាយវិបត្តិ និងមានស្ថិរភាពឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top