ព័ត៌មានអន្តរជាតិ

អ្នកលេងអ៊ិនធ័រណិត សើចចំអកគណៈកម្មាធិការ បោះឆ្នោត របស់ឥណ្ឌា ដែលប្រើសត្វលា ដឹកជញ្ជូនម៉ាស៊ីន បោះឆ្នោតអេឡិចត្រូនិច

បរទេស ៖ ការបោះឆ្នោតសភា កំពុងប្រព្រឹត្តទៅនៅរដ្ឋឥណ្ឌា ចំនួន ៤ គឺរដ្ឋ Assam, Kerala, Tamil Nadu និងរដ្ឋ West Bengal ក៏ដូចជាដែនដីសហភាព Puducherry។ អ្នកបោះឆ្នោតមួយចំនួនធំ បាននិងកំពុងឡើង ទៅស្តង់បោះឆ្នោត ដើម្បីធ្វើការបោះឆ្នោត ទោះបីជាមានបទបញ្ញត្តិ Covid-19 តឹងរឹងក៏ដោយ ។ ការរាប់សន្លឹកឆ្នោត នឹងធ្វើឡើងនៅថ្ងៃទី ២ ឧសភា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកលេងអ៊ីនធឺណេតបាននាំគ្នាសើចចំអក គណៈកម្មាធិការរៀបចំការបោះឆ្នោត នៃប្រទេសឥណ្ឌា (ECI) និងរដ្ឋាភិបាលឥណ្ឌា បន្ទាប់ពីវីដេអូ អំពីសត្វលាដឹកម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិច (EVMs) ទៅកន្លែងបោះឆ្នោត ។

ខ្សែវីដេអូឃ្លីប ដែលបានបង្ហោះនៅលើអ៊ិនធ័រណិត គឺមកពីតំបន់ Natham ក្នុងស្រុក Dindigul របស់រដ្ឋ Tamil Nadu ។ ដោយសារតំបន់ ដែលមានជម្រាលភ្នំជាច្រើន ខ្វះផ្លូវដែលត្រូវបានដាក់ឱ្យបានត្រឹមត្រូវ ហើយការ ចរាចរណ៍ជាភារកិច្ចរបស់សត្វលា។

ដើម្បីធ្វើឱ្យការបោះឆ្នោត អាចធ្វើទៅបាន សម្រាប់ប្រជាជន ដែលរស់នៅក្នុងភូមិទាំងនោះ មន្ត្រីរៀបចំការបោះឆ្នោតបាននិងកំពុងប្រើសត្វលា ដើម្បីដើរចម្ងាយ ១០-១២ គីឡូម៉ែត្រ និងដឹកជញ្ជូនម៉ាស៊ីន បោះឆ្នោត អេឡិចត្រូនិច និងរបស់ចាំបាច់ផ្សេងៗទៀត ទៅបោះឆ្នោតទាំងចំពេលមាន សន្តិសុខតឹងរឹង៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top