តូក្យូ ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi បានទទូចដល់ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ទាក់ទងនឹងជនជាតិ ភាគតិចអ៊ុយហ្គ័រ នៅស៊ីនជាំង ភាគខាងលិច ប្រទេសចិន ក៏ដូចជាបញ្ឈប់ការជ្រៀតចូល របស់ខ្លួនចូលទៅក្នុង ដែនទឹកជប៉ុន នៅជុំវិញប្រជុំកោះសេនកាគូ នៅសមុទ្រចិនខាងកើត ។
ការជំរុញរបស់លោក Motegi ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានប្រព្រឹត្តិអំពើប្រល័យ ពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ លើជនជាតិ ភាគតិចអ៊ុយហ្គ័រ នៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ដែលក្រសួងការបរទេស បានចេញផ្សាយ កាលពីសប្តាហ៍មុន ។
លោក Motegi បានសម្តែងនូវការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះការអនុវត្តច្បាប់ សន្តិសុខតាមសមុទ្រថ្មី របស់ទីក្រុងប៉េកាំង ដែលអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រចិន បាញ់លើនាវាបរទេស ក្នុងដែនទឹក ដែលខ្លួនមើលឃើញថា ជាទឹកដី របស់ខ្លួនក៏ដូចជាការ ប៉ុនប៉ងរបស់ចិន ក្នុងការពង្រឹងការក្តាប់របស់ខ្លួននៅហុងកុង ដែលជាអតីតអាណានិគម អង់គ្លេស នេះបើតាមការបញ្ជាក់ របស់ក្រសួងការបរទេសជប៉ុន។
យោងតាមក្រសួង ការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា លោកប្រឆាំងនឹងការជ្រៀតជ្រែក របស់ជប៉ុន នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដូចជាបញ្ហានៅតំបន់ស៊ីនជាំង និងហុងកុង ។
នេះជាលើកទីមួយហើយ ដែលរដ្ឋមន្ត្រីទាំងពីរបានបើកកិច្ចពិភាក្សា ចាប់តាំងពីលោកវ៉ាង យី បានធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន ក្នុងខែវិច្ឆិកា។ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ការសន្ទនា ៩០ នាទីខាងលើនេះ ធ្វើឡើងតាមសំណើរបស់ចិន ។
ក្នុងអំឡុងពេល នៃកិច្ចពិភាក្សាលោក Motegi និងលោក វ៉ាង យី បានបញ្ជាក់ពីការសម្របសម្រួល អន្តរជាតិ ក្នុងការដោះស្រាយជាមួយរដ្ឋប្រហារ នៅមីយ៉ាន់ម៉ា និងការបង្ក្រាបបង្ហូរឈាមរបស់យោធា ទៅលើក្រុមបាតុករ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
នៅក្នុងនោះដែរអ្នកទាំងពីរ ក៏បានឯកភាពផងដែរថា វាសំខាន់ណាស់ ដែលសមាជិកសហគមន៍អន្តរជាតិ អនុវត្តការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ទៅលើប្រទេសកូរ៉េខាងជើងយ៉ាងពេញទំហឹង ដើម្បីជំរុញការរំសាយ អាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ ។
លោកវ៉ាង យី បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងតូក្យូ ក្នុងការដោះស្រាយការចាប់ពង្រត់ជនជាតិជប៉ុន របស់ក្រុងព្យុងយ៉ាង ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ។
យោងតាមក្រសួងបានឱ្យដឹងថា ខណៈពេលដែលមានការ ព្រមព្រៀងគ្នា ដើម្បីធ្វើការពិគ្រោះយោបល់ ឱ្យកាន់តែស៊ីជម្រៅ លើបញ្ហា សកលដូចជាមេរោគកូវីដ-១៩ និងការផ្លាស់ប្តូរអាកាសធាតុ រដ្ឋមន្រ្តីទាំងពីររូប បានបញ្ជាក់ពីការសម្របសម្រួល ក្នុងការធានា បរិយាកាសធុរកិច្ចត្រឹមត្រូវ និងស្មើភាពគ្នារវាងសេដ្ឋកិច្ចធំបំផុត ទាំងពីររបស់អាស៊ី ៕
ដោយ ឈូក បូរ៉ា