បរទេស៖ ក្រោយពេលតិចជាងមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន ប្រកាសពីការដកទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទស្សកិច្ចដ៏ភ្ញាក់ផ្អើលមួយ នៅប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនោះ ដើម្បីធានាដល់មន្ត្រីអាហ្វហ្គានីស្ថាន អំពីការបន្តគាំទ្រពីសហរដ្ឋអាមេរិក។

នៅក្នុងរដ្ឋធានីកាប៊ុល លោក Antony Blinken បានជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ដើម្បីបញ្ជាក់ថា សហរដ្ឋអាមេរិក បន្តឈរជាមួយអាហ្វហ្គានីស្ថាន និងប្រជាជនរបស់ប្រទេសនេះ។
កំណត់ហេតុកិច្ចប្រជុំនោះ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានននិយាយថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានមានប្រសាសន៍ផងដែរថា លោកបាននិយាយជាមួយលោក Abdullah Abdullah ជាមន្ត្រីជាន់ខ្ពស់នៃ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយលោកលើកបញ្ជាក់ ជាថ្មីនូវការប្តេជ្ញាអាមេរិក ចំពោះដំណើរការសន្តិភាពកំពុងតែប្រព្រឹត្តទៅ។

ក្រោយជំនួបទាំងនោះ លោក Antony Blinken បានថ្លែងប្រាប់អ្នកសារព័ត៌មានមក ពីស្ថានទូតអាមេរិកក្នុងទីក្រុងកាប៊ុលថា “ខ្ញុំមកប្រទេសអាហ្វហ្គានីស្ថានថ្ងៃនេះ ព្រោះវាសំខាន់ចំពោះខ្ញុំ និងសំខាន់ចំពោះលោកប្រធានាធិបតី បៃដិន ដើម្បីបង្ហាញដោយផ្ទាល់នូវការប្តេជ្ញារបស់អាមេរិក ចំពោះភាពជាដៃគូយូរអង្វែង ជាមួយប្រទេសអាហ្វហ្គានីស្ថាន និងប្រជាជនអាហ្វហ្គានីស្ថាន” ៕
ប្រែសម្រួល៖ ប៉ាង កុង
