ព័ត៌មានអន្តរជាតិ

សេចក្តីព្រាងច្បាប់ ព្រឹទ្ធសភាអាមេរិក នឹងរឹតបន្តឹងការលក់ យន្តហោះ F-35 ឲ្យសហភាពអារ៉ាប់រួម

បរទេស៖ រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ កំពុងតែមើលឃើញ ការរុញច្រានត្រឡប់មកវិញ ពីសមាជិកព្រឹទ្ធសភា មកពីបក្សលទ្ធិប្រជាធិបតេយ្យ ក្រោយធ្វើការបន្ត ទៅមុខជាមួយកិច្ចព្រមព្រៀង សម័យលោក ត្រាំ លក់យន្តហោះចម្បាំង F-35 ឲ្យសហភាពអារ៉ាប់រួម។

ដោយលើកឡើងពីក្តីព្រួយបារម្ភ ដល់សន្តិសុខជាតិ ប្រធានគណៈកម្មការ ទំនាក់ទំនងបរទេស នៃព្រឹទ្ធសភាអាមេរិក លោក Bob Menendez និងសមាជិកព្រឹទ្ធសភា លោក Dianne Feinstein បានដាក់ចេញ សេចក្តីព្រាងច្បាប់មួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ រឹតបន្តឹងការលក់ យន្តហោះចម្បាំង F-35 Lightning II ឲ្យសហភាពអារ៉ាប់រួម។

គួរបញ្ជាក់ថា នៅក្នុងខែធ្នូ រដ្ឋបាលលោក ត្រាំ បានអនុម័តលក់ យន្តហោះចម្បាំង បំបាំងកាយដ៏ទំនើប របស់អាមេរិក F-35 ដល់ទៅចំនួន ៥០គ្រឿង ដែលមានទំហំទឹកប្រាក់ ១០,៤ពាន់លានដុល្លារ កូនដ្រូន MQ-9B ចំនួន៨គ្រឿង មានទំហំទឹកប្រាក់ ២,៩៧ពាន់លានដុល្លារ និងគ្រាប់រំសេវមានទំហំទឹកប្រាក់ ចំនួន១០ពាន់លានដុល្លារ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា សមាជិកព្រឹទ្ធសភា ទាំងពីររូបនោះ និយាយថា ការលក់នោះ អាចធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខជាតិ សហរដ្ឋអាមេរិក និងស្ថិរភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top