ព័ត៌មានអន្តរជាតិ

លោក Erdogan ស្វែងរកការពិភាក្សា ពីជម្លោះរវាងអាមេរិក និងតួកគី លើបញ្ហាទិញយន្តហោះ F-35 ជាមួយនឹងលោក បៃដិន ក្នុងកិច្ចពិភាក្សានៅ Glasgow

បរទេស៖ កាលពីដើមខែតុលា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជូនរដ្ឋាភិបាល ទីក្រុងអង់ការ៉ា ដើម្បីទិញយន្តហោះចម្បាំង F-16 បន្ទាប់ពីទីក្រុងអង់ការ៉ា ត្រូវបានដកចេញពីកម្មវិធី F-35 Lightning II ។

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា ជម្លោះរវាងរដ្ឋាភិបាលទីក្រុងអង់ការ៉ា និងរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន លើបញ្ហាទិញយន្តហោះចម្បាំង F-35 នឹងមានកម្រិតខ្ពស់លើ របៀបវារៈនៃកិច្ចពិភាក្សា នាពេលខាងមុខជាមួយ សមភាគីអាមេរិកលោក ចូ បៃដិន នៅទីក្រុង Glasgow ។

លោក Erdogan បានសង្កត់ធ្ងន់ថា «វាហាក់បីដូចជារបៀបវារៈនៅទីក្រុងរ៉ូម និងទីក្រុង Glasgow បានផ្លាស់ប្តូរ។ ភាគច្រើន កិច្ចប្រជុំរបស់យើង នឹងធ្វើឡើងមិនមែន នៅទីក្រុងរ៉ូមទេ ប៉ុន្តែនៅទីក្រុង Glasgow ហើយជាការពិតណាស់ ប្រធានបទសំខាន់បំផុត គឺស្ថានភាពជាមួយ F-35»។

ប្រធានាធិបតីតួកគីរូបនេះ បានរំលឹកថា ទីក្រុងអង់ការ៉ាកាលពីមុន បានបង់ប្រាក់ចំនួន 1,4 ពាន់លានដុល្លារសម្រាប់ យន្តហោះចម្បាំង F-35 ។

ការកត់សម្គាល់នេះធ្វើឡើង បន្ទាប់ពីប្រធានឧស្សាហកម្ម ការពារជាតិតួកគីលោក Ismail Demir បាននិយាយកាលពីដើមខែនេះថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា អាចទិញយន្តហោះចម្បាំង Su-35 និង Su-57 របស់រុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិក បង្កកការលក់យន្តហោះចម្បាំង F-16 ឱ្យតួកគីនោះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top