ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ចាំបាច់ត្រូវពង្រឹងកិច្ចការពារជាតិ និងស្វែងរកមិត្តបន្ថែម

បរទេស៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានមានប្រសាសន៍នៅថ្ងៃពុធនេះថា កោះតៃវ់ាន់ចាំបាត់ត្រូវតែ ធ្វើការពង្រឹងកិច្ចការពារខ្លួន និងដោយមានសម្ពន្ធមិត្តការទូត ត្រឹមតែ១៥ប្រទេស នៅក្នុងពិភពលោកនោះ ត្រូវតែស្វែងរកមិត្ត លើឆាកអន្តរជាតិបន្ថែមទៀត ស្របពេលដែលខ្លួនប្រឈមមុខ នឹងសម្ពាធពីប្រទេសចិន។

ភាពតានតឹងរវាងកោះតៃវ៉ាន់ និងប្រទេសចិនដែលអះអាងកម្មសិទ្ធិ លើកោះកាន់លទ្ធិប្រជាធិបតេយ្យនេះថា ជាទឹកដីខ្លួននោះ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានកើនកម្តៅខ្លាំងឡើង ស្របពេលដែលទីក្រុងប៉េកាំង បានធ្វើការបង្កើនសម្ពាធយោធា ក៏ដូចជាផ្នែកនយោបាយ លើតៃវ៉ាន់។

ក្រោយជួបជាមួយមន្ត្រីជាន់ខ្ពស់បំផុត លំដាប់ទីពីររបស់ប្រទេសឆែក គឺលោក Milos Vystrcil ជាប្រធានព្រឹទ្ធសភា នៅក្នុងទីក្រុង Prague នោះ លោក Joseph Wu បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ស្ថានភាព (នៅច្រកសមុទ្រ) កំពុងតែមានភាពតានតឹងកើនឡើង និងហាក់មានគ្រោះថ្នាក់កាន់តែខ្លាំងឡើង”។

លោកបានបន្តទៀតថា “មានរឿងជាច្រើនដែលយើងកំពុងតែធ្វើ និងកំពុងតែព្យាយាម ធ្វើម្តងហើយម្តងទៀត គឺទីមួយ គឺការពង្រឹងសមត្ថភាពការពាររបស់យើង។ យើងគិតថា ភាពទន់ខ្សោយ នាំមកនូវការឈ្លានពាន ដូច្នោះហើយ យើងចង់មានសមត្ថភាព ការពារខ្លួនឯង យើងប្តេជ្ញាធ្វើកិច្ចការពារខ្លួនឯង”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top