ព័ត៌មានអន្តរជាតិ

សមត្ថភាពមីស៊ីល និងការវាយប្រហារ តាមអ៊ីនធឺណិត របស់កូរ៉េខាងជើង កំពុងគំរាមកំហែង ដល់អាមេរិក

វ៉ាស៊ីនតោន ៖ មន្រ្តីយោធាកំពូល របស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង នៅតែបន្តបង្កការគំរាមកំហែង ដល់សហរដ្ឋអាមេរិក ទាំងក្នុងជីវិតពិត និងវិស័យអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ប្រភពព័ត៌មានក៏បានឲ្យដឹងផងដែរថា ប្រទេសកូរ៉េខាងជើង បន្តចូលរួមសកម្មភាព ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងប្រឆាំងនឹងបទដ្ឋានអន្តរជាតិ បើទោះបីជាមានការប្រឹងប្រែង សម្របសម្រួលផ្នែកការទូត ទាំងអាមេរិកផ្ទាល់ និងសម្ព័ន្ធមិត្ដផងនោះ។

លោក Charles Richard មេបញ្ជាការយុទ្ធសាស្រ្តអាមេរិក បានលើកឡើងថា “ប្រទេសកូរ៉េខាងជើង នៅតែជាបញ្ហាប្រឈមផ្នែកសន្តិសុខ ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង។ វានៅតែបន្តធ្វើសកម្មភាព ដែលគំរាមកំហែង ដល់ស្ថិរភាពក្នុងតំបន់ និងប្រឆាំងនឹងបទដ្ឋានអន្តរជាតិ” ។

លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរផ្ញើទៅគណៈកម្មាធិការ សេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាថា“ ប្រទេសកូរ៉េខាងជើង បានសាកល្បងមីស៊ីល ICBMs ដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារទ្វីបអាមេរិកទាំងមូល និងមានឃ្លាំងស្តុកមីស៊ីល ផ្លោងយ៉ាងធំសម្បើម” ។

ការលើកឡើងនេះធ្វើឡើង នៅពេលលោក Richard បានផ្តល់សក្ខីកម្មនៅ ចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភា លើសំណើថវិកាការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២២ រួមជាមួយឧត្តមសេនីយ៍ James Dickinson មេបញ្ជាការអវកាសអាមេរិក ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top