ព័ត៌មានអន្តរជាតិ

ប៉ូឡូញ​បញ្ជូន ទ័ពទៅតួកគី គាំទ្រដល់ បេសកកម្មណាតូ

បរទេស ៖ ប្រទេសប៉ូឡូញ នៅពេលថ្មីៗនេះ បានបញ្ជូនកងទ័ព ទៅប្រទេសតួកគី ដើម្បីគាំទ្របេសកកម្មណាតូ នៅក្នុងតំបន់ នេះបើយោងតាមសេចក្តីប្រកាស ពីសម្ពន្ធមិត្តនិង រដ្ឋាភិបាល របស់ប្រទេស ប៉ូឡូញ ។

តាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការណាតូ ការបញ្ជូនកងទ័ពនេះ នឹងមានទាហាន ដល់ទៅ៨០នាក់ ដែលនឹងធ្វើប្រតិបត្តិការ ល្បាតដែនសមុទ្រ នៅសមុទ្រមេឌីទែរ៉ានេខាងកើត និងសមុទ្រខ្មៅ ជាមួយយន្តហោះប៉ូឡូញ M28 “Bryza” រួមជាមួយក្រុមទ័ពជើងទឹក របស់ណាតូនៅក្នុងតំបន់ ។

ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសប៉ូឡូញ លោក Mariusz Błaszczak បានសរសេរក្នុង សេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃអង្គារ ដូច្នេះថា “ទាហានប៉ូឡូញមានវត្តមាន នៅក្នុងទីដែលសាមគ្គីភាព សម្ពន្ធមិត្តត្រូវការវាជាចាំបាច់” ។

គួរបញ្ជាក់ថា នៅក្នុងខែធ្នូ អង្គការណាតូបានប្រកាសថា ប្រទេសតួកគី នឹងដឹកនាំកងកម្លាំងត្រៀម លក្ខណៈខ្ពស់រួមគ្នា ដែលមានទ័ព៦.៤០០នាក់ នៅក្នុងឆ្នាំ២០២១ ដោយធ្វើការទទួលយកទំនួលខុសត្រូវ ពីប្រទេសប៉ូឡូញ នៅដើមឆ្នាំនេះ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top