ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណថា យន្តហោះ ទម្លាក់គ្រាប់បែក B-52 ចំនួនពីរគ្រឿង បានទៅដល់​ អាហ្វហ្គានីស្ថានហើយ ដើម្បីការពារ កងទ័ពអាមេរិក ដកចេញ ពីប្រទេសនេះ

បរទេស៖ លោក John Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បានយល់ស្របលើការ ដាក់ពង្រាយនាវា ផ្ទុកយន្តហោះចម្បាំង USS Eisenhower និងការដាក់ពង្រាយយន្តហោះ ទម្លាក់គ្រាប់បែក ទៅកាន់មជ្ឈឹមបូព៌ា។ ២គ្រឿង បានទៅដល់រួចហើយ ដើម្បីផ្តល់ការការពារ ដល់សហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាន ក្នុងកំឡុងពេលដកទ័ពចេញនេះ។ នេះបើតាមលោក Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា កងកម្លាំងអាមេរិកនិងណាតូ នៅប្រទេសអាហ្វហ្គានីស្ថាន នឹងដកកងទ័ពជើងគោក ចេញពីប្រទេសនេះ នៅត្រឹមថ្ងៃទី ១ ខែឧសភា ហើយមានគោលបំណង ដើម្បីបញ្ចប់ការដកហូត ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន (អាមេរិក, ណាតូ) នៅត្រឹមថ្ងៃទី ១១ ខែកញ្ញា។

លោក Kirby បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ។ «យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួនពីរគ្រឿង បានទៅដល់តំបន់ហើយ។ លោក Austin បានយល់ព្រមលើវិធានការបន្ថែម មួយចំនួននៅថ្ងៃនេះ គាត់បានយល់ព្រម ពង្រីកឱ្យបន្ថែមនាវា USS Eisenhower ឱ្យនៅតំបន់បញ្ជាការកណ្តាល ទទួលខុសត្រូវមួយរយៈ ហើយគាត់បានយល់ព្រមបន្ថែម យន្តហោះទម្លាក់គ្រាប់បែកមួយចំនួន ដែលត្រូវដាក់ពង្រាយថែមទៀត»។

លោក Kirby បាននិយាយថាវាអាចទៅរួច ដែលអាចមានការកើនឡើង ជាបណ្តោះអាសន្ន នៃកងកម្លាំងជើងគោកអាមេរិក នៅអាហ្វហ្គានីស្ថាន ដើម្បីជួយក្នុងការដកទ័ព ចេញឱ្យមានសណ្តាប់ធ្នាប់។

សូមជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកបានត្រៀម ចាប់ផ្តើមដកហូតសម្ភារៈយោធា ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ លោក Kirby បានបញ្ជាក់ពីរបាយការណ៍នេះ ដោយបន្ថែមថាគ្រឿងបរិក្ខារ នឹងត្រូវបាននាំទៅកាន់ សហរដ្ឋអាមេរិកវិញ, ដាក់ពង្រាយទៅតំបន់ផ្សេងទៀត នៅលើពិភពលោក, ផ្ទេរទៅឱ្យកងកំលាំងសន្តិសុខ អាហ្វហ្គានីស្ថាន ឬបំផ្លាញចោល៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top