ព័ត៌មានអន្តរជាតិ

រុស្ស៊ីនឹងបង្ហាញនាវា ចម្បាំង៦គ្រឿង និងនាវាមុជទឹក៦គ្រឿង នៅទិវាជ័យជំនះ សង្គ្រាមលោកលើកទីពីរ

បរទេស ៖ ប្រភពមួយនៅក្នុង ឧស្សាហកម្មផលិតនាវា ក្នុងស្រុក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនផលិតនាវា រុស្ស៊ីនានា នឹងប្រារព្ធ ពិធីអបអរ ទិវាជ័យជំនះថ្ងៃទី៩ ខែឧសភា ដោយដាក់បង្ហាញ នូវនាវចម្បាំង និងនាវាមុជទឹក ចំនួន៦គ្រឿង ។

ប្រភពនោះបានបញ្ជាក់ថា នៅដើមខែឧសភា នាវាមុជទឹកដើរ ដោយថាមពល នុយក្លេអ៊ែ សមត្ថភាពមីស៊ីល Project 955A ចំនួនពីរគ្រឿង នាវាចម្បាំង Project 20380 ពីរគ្រឿង និងនាវាមុជទឹក Project 636.3 ចំនួនពីរគ្រឿង នឹងត្រូវបានដាក់បង្ហាញ ។

នាវាមុជទឹកយុទ្ធសាស្ត្រពីរគ្រឿង នឹងត្រូវដាក់បង្ហាញ នៅកន្លែងផលិតនាវា Sevmash នាវាចម្បាំងពីរគ្រឿង នៅកន្លែងរោងចក្រ ផលិតនាវា Amur Shipbuilding Plant ហើយនាវាមុជទឹកធម្មតា ពីរគ្រឿង នៅកន្លែង ផលិតនាវា Admiralty Shipyard ប៉ុន្តែកាលបរិច្ឆេទ ជាក់លាក់នៃការតាំងបង្ហាញ នាវាចម្បាំងដ៏ថ្មី បំផុតទាំងនេះ មិនទាន់បានកំណត់នៅឡើយនោះទេ ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ព្យុហយាត្រាជ័យជំនះ របស់ប្រទេសរុស្ស៊ី នៅទីលានក្រហមក្នុងទីក្រុងមូស្គូ ដើម្បីអបអរគម្រប ខួបលើកទី៧៦ នៃជ័យជំនះរបស់សហភាពសូវៀត លើអាល្លឺម៉ង់ណា ក្នុងសង្គ្រាមឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៥ នឹងមានការចូលរួម ដោយកងទ័ព១២.០០០នាក់ រថយន្តចម្បាំងប្រហែល១៩០គ្រឿង និងយន្តហោះចំនួន៧៦គ្រឿង ក្នុងនោះមានឧទ្ធម្ភាគចក្រចំនួន២៣គ្រឿងផង ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top