ព័ត៌មានអន្តរជាតិ

អាមេរិក បោះទុក ១៨ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ ប្រព័ន្ធស្ទាក់ចាប់មីស៊ីលថ្មី នៅឆ្នាំ២០២៨

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ អាមេរិក គ្រោងនឹងចំណាយប្រាក់ជិត ១៨ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ និងផលិតឧបករណ៍ ស្ទាក់ចាប់មីស៊ីលថ្មី ដែលអាចបញ្ឈប់មីស៊ីល នុយក្លេអ៊ែរ ចូលពីបណ្តាប្រទេស ដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើង នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។

កម្មវិធីអភិវឌ្ឍនេះដែរ នឹងស្វែងរកការអភិវឌ្ឍ និងផលិតឧបករណ៍ស្ទាក់ចាប់មីស៊ីលប្រភេទថ្មីចំនួន ៣១ គ្រឿង ក្នុងនោះមាន ១០គ្រឿង ទុកសម្រាប់ធ្វើការសាកល្បង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា “ ឧបករណ៍ស្ទាក់ចាប់មីស៊ីលប្រភេទថ្មីនេះ ត្រូវបានរចនាឡើងដើម្បីបុក និងកម្ទេចមីស៊ីលចូលពីមារសត្រូវ ដូចជាកូរ៉េខាងជើង ឬអ៊ីរ៉ង់ជាដើម។

របាយការណ៍បានឲ្យដឹងថា ក្រសួងការពារជាតិ នឹងផ្តល់ថវិការហូតដល់ ១៣,១ ពាន់លានដុល្លារដល់ក្រុមដែលដឹកនាំដោយក្រុមហ៊ុន Lockheed Martin Corp និង Northrop Grumman Corp នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ នៃ ឧបករណ៍ស្ទាក់ចាប់មីស៊ីលជំនាន់ក្រោយ ដោយបន្ថែម ៤,៦ ពាន់លានដុល្លារបន្ថែមទៀត ដែលត្រូវចាក់បញ្ចូល ក្នុងដំណាក់កាលផលិតកម្ម។

ទីភ្នាក់ងារនោះបានបន្ថែមថា ទីភ្នាក់ងារការពារមីស៊ីល របស់សហរដ្ឋអាមេរិក ព្យាយាមដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់ប្រភេទថ្មីនេះ ដោយមិនលើសពីឆ្នាំ២០២៨ឡើយ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top