បរទេស ៖ នាវាពិឃាតទ័ពជើងទឹក អាមេរិកមួយគ្រឿង តាមសេចក្តីរាយការណ៍ កំពុងតែធ្វើដំណើរ តាមនាវាផ្ទុកយន្តហោះចិន ចាប់តាំងពីថ្ងៃអាទិត្យមក ស្របពេលដែលយន្តហោះយោធា របស់ទីក្រុងប៉េកាំង បន្តលុកលុយចូលក្នុងតំនប់កំណត់ ការពារដែនអាកាស របស់កោះតៃវ៉ាន់ ។
ទីភ្នាក់ងារសារព័ត៌មាន Taiwan News បានរាយការណ៍ថា នាវាពិឃាតអាមេរិកមួយគ្រឿង បានធ្វើនាវាចរណ៍នៅសមុទ្រហ្វីលីពីន និងបានឆ្លងកាត់ផ្លូវ ជាមួយក្រុមរបស់នាវា ផ្ទុកយន្តហោះចិន នៅមុនពេលតាមនាវាផ្ទុកយន្តហោះ Liaoning នាវាចម្បាំងសមត្ថភាពមីស៊ីល Type 054A នាវាពិឃាត 052D នាវាពិឃាត 055 និងនាវាដឹកប្រេងមួយគ្រឿង ។
នៅដើមខែនេះ នាវាផ្ទុកយន្តហោះចិន Liaoning ត្រូវបានគេប្រទះឃើញធ្វើសមយុទ្ធទ័ពជើងទឹក នៅជិតកោះតៃវ៉ាន់ ជាទីដែលរដ្ឋាភិបាលកំពុងធ្វើការប្រកាសបង្កើនការប្រុងប្រយ័ត្ន ក្រោយយន្តហោះចារកម្មចិនហោះហើរក្នុងរយៈកម្ពស់ទាប នៅតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់។
អ្នកវិភាគតៃវ៉ាន់ លោក Lin Yin-yu នៅវិទ្យាស្ថានកិច្ចការយុទ្ធសាស្ត្រ និងអន្តរជាតិ នៃសាកលវិទ្យាល័យ លើកោះតៃវ៉ាន់ភាគខាងត្បូង បានមានប្រសាសន៍ប្រាប់ថា ការហោះហើរក្នុងរយៈកម្ពស់ទាបបែបនេះ គឺជាការតស្តសាកល្បងមើល សមត្ថភាពរ៉ាដារបស់តៃវ៉ាន់៕
ប្រែសម្រួល៖ប៉ាង កុង