ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹក អាមេរិក និងអេហ្ស៊ីប ប្រារព្ធធ្វើសហសមយុទ្ធ ជើងទឹក

បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងរបស់ប្រទេស អេហ្ស៊ីប បានធ្វើសមយុទ្ធយោធា នៅក្នុងដែនសមុទ្រ ក្រហម នេះបើតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI ។

សមយុទ្ធ PASSEX នេះ គឺត្រូវបានធ្វើឡើង រវាងក្រុមវាយប្រហារ នៃនាវាផ្ទុកយន្តហោះអាមេរិក និង នាវាចម្បាំង សមត្ថភាពមីស៊ីល របស់ទ័ពជើងទឹក អេហ្ស៊ីប ENS Taba ដោយមានការចូលរួម ពីនាវាជាច្រើនគ្រឿង ធ្វើប្រតិបត្តិការជិតៗគ្នា ហើយប្រទេស ចូលរួមក្នុង ប្រតិបត្តិការនេះ គឺមានគោលបំណងសាកល្បងអន្តរប្រតិបត្តិការ ចំណេះដឹងនិងសមត្ថភាពនាវាចរណ៍ ។

លោកឧត្តមនាវី Scott F. Robertson ជាមេបញ្ជាការ នៃក្រុមវាយប្រហារនាវា ផ្ទុកយន្តហោះលេខ២ បាននិយាយ ក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា “ការធ្វើដំណើររបស់ ក្រុមវាយប្រហាររបស់យើង កាត់តាមសមុទ្រក្រហម ជាមួយទ័ពជើងទឹក អេហ្ស៊ីប គឺជាឧទាហរណ៍ដ៏ល្អមួយ នៃការប្តេជ្ញានៅបន្ត របស់យើង ចំពោះដៃគូក្នុងតំបន់” ។

លោក Robertson បានមានប្រសាសន៍ បន្ថែមទៀតថា “យើងទន្ទឹងរង់ចាំឱកាស នាពេលអនាគតជាមួយសមភាគី អេហ្ស៊ីបរបស់យើង ដើម្បីធ្វើឲ្យកាន់តែប្រសើរ ឡើង នូវការជឿ ទុកចិត្តគ្នា សហប្រតិបត្តិការ និងការគោរពគ្នា ទៅវិញទៅមក និយាយឲ្យខ្លី យើងត្រៀមខ្លួនខ្លាំងឡើង និងរឹងមាំឡើង ជាមួយគ្នា” ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top