ព័ត៌មានអន្តរជាតិ

ជប៉ុន ស្នើអាមេរិក កែប្រែជំហរអព្យាក្រឹត របស់ខ្លួនទាក់ទង នឹងអធិបតេយ្យភាព របស់ជប៉ុន លើកោះសេនកាគូ

តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានស្នើសុំឲ្យ សហរដ្ឋអាមេរិក កែប្រែជំហរអព្យាក្រឹត របស់ខ្លួនទាក់ទងនឹងអធិបតេយ្យភាព របស់ជប៉ុនលើកោះសេនកាគូ នៅខែមេសាឆ្នាំ១៩៧៨ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានបដិសេធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

ឯកសារដែលទទួលបាន ដោយសារព័ត៌មានក្យូដូ ពីបណ្ណាសារជាតិអាមេរិក ក៏បានបង្ហាញផងដែរថា រដ្ឋាភិបាលអាមេរិក បានបដិសេធមិនផ្លាស់ប្តូរភាព មិនលំអៀងរបស់ខ្លួន ចំពោះប្រជុំកោះដែលទាមទារដោយចិន និងដែលគ្រប់គ្រងដោយជប៉ុន នៅសមុទ្រចិន ខាងកើត ដោយផ្អែកលើជំហររបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក លើ ជម្លោះប្រជុំកោះសេនកាគុស មិនបានផ្លាស់ប្តូរនោះទេ ចាប់តាំងពីឆ្នាំ១៩៧២ នៅពេលអូគីណាវ៉ា រួមទាំងកូនកោះ ដែលគ្មានមនុស្សរស់នៅ បានត្រឡប់ទៅប្រទេសជប៉ុនវិញ។

យោងតាមតេឡេក្រាម ដែលផ្ញើពីស្ថានទូត អាមេរិកប្រចាំនៅជប៉ុន ទៅកាន់ក្រសួងការបរទេស ក្នុងឆ្នាំ១៩៧៨ ពេលនោះនាយករដ្ឋមន្រ្តីជប៉ុន លោក Takeo Fukuda បានប្រាប់ឯកអគ្គរដ្ឋទូតលោក Mike Mansfield ក្នុងជំនួបមុនដំណើរទស្សនកិច្ច នៅសហរដ្ឋអាមេរិក របស់លោកថា លោកមានការភ្ញាក់ផ្អើល ចំពោះការឈ្លានពាន របស់កងនាវានេសាទចិន ចូលក្នុងទឹកដី នៅជុំវិញកោះសេនកាគូ។

ទំនាក់ទំនងចិន – ជប៉ុន តែងតែត្រូវបានបំភាន់ដោយប្រជុំកោះនានា ដែលចិនហៅថាកោះដាយយូ ហើយសិទ្ធិរដ្ឋបាលលើសេនកាគូ ត្រូវបានសហរដ្ឋអាមេរិក ប្រគល់ឱ្យជប៉ុន វិញនៅឆ្នាំ ១៩៧២ ។

ខណៈមាត្រា ៥ នៃសន្ធិសញ្ញាសន្តិសុខជប៉ុន – អាមេរិក ចែងថាសហរដ្ឋអាមេរិក នឹងការពារទឹកដីក្រោមការគ្រប់គ្រងរបស់ជប៉ុន ពីការវាយប្រហារប្រដាប់អាវុធរួមទាំងប្រជុំកោះសេនកាគូ វាមិនប៉ះពាល់ដល់អធិបតេយ្យភាពរបស់កោះនោះទេ។

ទន្ទឹមនឹងនេះដែរលោក Tatsuo Arima ដែលជាសមាជិក ក្រុមប្រឹក្សា នៃស្ថានទូតជប៉ុន ប្រចាំនៅសហរដ្ឋអាមេរិក ក៏បានស្នើសុំឲ្យសហរដ្ឋអាមេរិក កែប្រែជំហររបស់ខ្លួន លើអធិបតេយ្យភាពនៃប្រជុំកោះសេនកាគូ ដែលបានគូសបញ្ជាក់ក្នុងកំឡុង ពេលនៃការផ្លាស់ប្តូរកោះអូគីណាវ៉ា ផងដែរ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top