ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំ G7 អំពាវនាវ ឲ្យកូរ៉េខាងជើង លុបបំបាត់នុយក្លេអ៊ែ និងវិលរកកិច្ចចរចា តាមបែបការទូត

បរទេស ៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសកូរ៉េខាងជើង ឲ្យលុបចោលទាំងស្រុង នូវអាវុធនុយក្លេអ៊ែ និងវិលត្រឡប់មករកកិច្ចចរចាគ្នា ក្រោយកិច្ចប្រជុំកំពូល នៃរដ្ឋមន្ត្រីការបរទេសមួយ ដែលប្រារព្ធធ្វើឡើង នៅក្នុងទីក្រុងឡុងដ៍ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ រដ្ឋមន្ត្រីការបរទេសនានា បាននិយាយថា “យើងអំពាវនាវឲ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឈប់ធ្វើសកម្មភាពបង្កហេតុ និងវិលចូលរួមក្នុងដំណើរការការទូត ជាមួយគោលដៅលុបបំបាត់ នុយក្លេអ៊ែដ៏ច្បាស់លាស់” ។

រដ្ឋមន្ត្រីការបរទេសទាំងនោះ បានមានប្រសាសន៍បន្តទៀតថា “យើងនៅតែប្តេជ្ញាចំពោះគោលដៅនៃការបោះបង់ចោលទាំងស្រុងដោយឥតងាករេ នូវកម្មវិធីអាវុធប្រល័យលោក និងមីស៊ីលផ្លោង មិនស្របច្បាប់ របស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ដោយអនុលោម ទៅតាមសេចក្តីសម្រេចក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ” ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន UPI បានឲ្យដឹងថា សេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសនោះ ក៏បានអំពាវនាវឲ្យ ប្រទេសកូរ៉េខាងជើង វិលចូលរួមក្នុងសន្ធិសញ្ញាមិនរីក សាយភាយអាវុធនុយក្លេអ៊ែ ដែលទីក្រុងព្យុងយ៉ាង បានដកខ្លួនចេញក្នុងឆ្នាំ២០០៣ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top