ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹក កងកម្លាំងម៉ារីន និងទ័ពអាកាស ចាប់ផ្តើមសមយុទ្ធ North Edge 21 នៅអាឡាស្កា

បរទេស ៖ យោងតាមការឲ្យដឹង ពីកងទ័ពជើងទឹក សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមវាយប្រហារ នៃនាវាផ្ទុកយន្តហោះ Theodore Roosevelt បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅឈូងសមុទ្រអាឡាស្កា នាសប្ដាហ៍នេះ ។

លោកឧត្តមនាវី Doug Verissimo ជាមេបញ្ជាការនៃក្រុម វាយប្រហារលេខ៩ របស់នាវាផ្ទុកយន្តហោះ បានមានប្រសាសន៍ ក្នុងសេចក្តីប្រកាស ព័ត៌មានទ័ពជើងទឹក មួយដូច្នេះថា “កិច្ចសហការគ្នា របស់ក្រុមវាយប្រហារលេខ៩ របស់នាវាផ្ទុកយន្តហោះ ជាមួយកងកម្លាំងចម្រុះ បង្ហាញដល់ដៃគូ របស់យើងថា យើងកំពុងតែសម្រួចសមត្ថភាព របស់យើង ក្នុងការត្រៀមលក្ខណៈជាស្រេច សម្រាប់បេសកកម្មណាមួយ ដែលគួរតែបង្ហាញ វត្តមានខ្លួនឯង នៅក្នុងតំបន់អាក់ទិក ដ៏មានសារៈសំខាន់ខ្លាំងឡើងនេះ” ។

យោងតាមទ័ពជើងទឹកអាមេរិក កងកម្លាំងដែនអាកាសតំបន់ប៉ាស៊ីហ្វិក របស់អាមេរិក កំពុងតែរៀបចំសមយុទ្ធ ដែលរួមមានទាំងទាហានជើងទឹក ទាហានជើងអាកាស និងទាហានម៉ារីន ដែលនឹងហ្វឹកហាត់នៅបរិវេណប៉ាស៊ីហ្វិក អាឡាស្កាចម្រុះ ឈូងសមុទ្រអាឡាស្កា ដែលមានដែនអាកាស ជាង៦០.០០០ ម៉ាយ នៅទូទាំងរដ្ឋអាឡាស្កា” ។

គួរបញ្ជាក់ថា តាមការប្រកាសព័ត៌មាន ពីមុនមួយពីទ័ពជើងទឹកអាមេរិក នៅក្នុងសមយុទ្ធនេះ សរុបមានយោធាអាមេរិក ចំនួនប្រហែល១៥.០០០នាក់ នាវាទ័ពជើងទឹកអាមេរិក៦គ្រឿង និងយន្តហោះចំនួន២៤០គ្រឿង ចូលរួម ហើយវាបានចាប់ផ្តើមនៅថ្ងៃចន្ទ និងប្រព្រឹត្ត ទៅរហូតដល់ថ្ងៃទី១៤ ខែឧសភា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top