ព័ត៌មានអន្តរជាតិ

SpaceX ​ទទួល​ស្គាល់​ Dogecoin ​ក្នុង​ការ​ទូទាត់​ ​សម្រាប់​ដំណើរ​ទៅ​ភព​ព្រះចន្ទ​នៅ​ឆ្នាំ​ក្រោយ​!

SpaceX នឹងចាប់ផ្តើមដំណើរការ បេសកកម្មឆ្ពោះទៅភពព្រះចន្ទ ដែលហៅថា «DOGE-1 Mission to the Moon» នៅត្រីមាសទី១ ឆ្នាំក្រោយ ខណៈដែលក្រុមហ៊ុនរ៉ុកកែតពាណិជ្ជកម្មរបស់លោក Elon Musk នឹង​ទទួលយកកាក់ប្រាក់ឌីជីថល Dogecoin ជាមធ្យោបាយ ក្នុង​ការ​ទូទាត់។

ក្រុមហ៊ុន Geometric Energy Corporation បានប្រកាសពីបេសកកម្ម ដែលត្រូវបានគាំទ្រមូលនិធិ ដោយកាក់ប្រាក់ឌីជីថល Dogecoin នេះប៉ុន្តែសេចក្តីថ្លែងការណ៍របស់ពួកគេ មិនបានបង្ហាញពី តម្លៃហិរញ្ញវត្ថុ សម្រាប់បេសកកម្មមួយនេះឡើយ កាលពីថ្ងៃអាទិត្យកន្លង​ទៅ​។

លោក Tom Ochinero អនុប្រធានផ្នែកលក់នៃក្រុមហ៊ុន SpaceX ត្រូវបានដកស្រង់សម្តី ក្នុងពេលនិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ ដោយ Geometric Energy ថា៖ «យើងពិតជារំភើបណាស់ ក្នុងការដំណើរការ បេសកកម្ម DOGE-1 to the Moon! បេសកកម្មនេះ នឹងបង្ហាញពីការប្រើប្រាស់កាក់ប្រាក់ឌីជីថល នៅក្រៅភពផែនដី និងបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់ពាណិជ្ជកម្មអន្តរភព»។

លោក Elon Musk បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter កាលពីខែមេសាថា SpaceX នឹងប្រើប្រាស់និមិត្តសញ្ញា Dogecoin នៅលើនិមិត្តសញ្ញារបស់ព្រះចន្ទ ។

Dogecoin បានបាត់បង់តម្លៃ របស់ខ្លួនច្រើនជាង ១ ភាគ ៣ កាលពីថ្ងៃទី ៩ខែ ឧសភា ឆ្នាំ២០២១ ក្រោយពី លោក Elon Musk ចាត់ទុកថា ជាការបោកប្រាស់ អំឡុងពេលការបង្ហាញខ្លួន របស់លោកក្នុងនាមជាភ្ញៀវ កិត្តិយស ក្នុងកម្មវិធីកំប្លែងលើ កញ្ចក់ទូរទស្សន៍ Saturday Night Live កន្លងទៅ ៕ sabay

Most Popular

To Top