បរទេស ៖ ប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃចន្ទនេះថា ខ្លួនទើបបានឈានដល់ការ ចុះកិច្ចព្រមព្រៀងមួយ ជុំវិញជំហានបន្ទាន់ នៃការអភិវឌ្ឍផលិត យន្តហោះចម្បាំងថ្មី ដែលជាគម្រោងការពារជាតិ ដ៏ធំបំផុត របស់អឺរ៉ុប ក្នុងទំហំទឹកប្រាក់ចំណាយប្រមាណជាង១០០ពាន់លានអឺរ៉ូ ស្មើនឹង១២១,៤ពាន់លានដុល្លារអាមេរិក ។
ជាពិសេសនោះ គឺប្រទេសបារាំង បានធ្វើការពង្រាងគម្រោង យន្តហោះចម្បាំង រួមបញ្ចូលទាំងយន្តហោះមានមនុស្សបើកនិងគ្មានមនុស្សបើកជំនាន់ថ្មី ដែលមានសារៈសំខាន់សម្រាប់អឺរ៉ុប ដើម្បីពង្រឹងស្វយភាពការពារជាតិរបស់ខ្លួន និងប្រឈមមុខចំពោះការប្រកួតប្រជែង ពីប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ជំហានអភិវឌ្ឍន៍បន្ទាបន់ សម្រាប់ប្រព័ន្ធប្រយុទ្ធដែន អាកាស អនាគតនោះ ត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់អស់ចំនួន៣,៥ពាន់លានអឺរ៉ូ (៤,២៥ពាន់លានដុល្លារអាមរិក) ដោយរួមចំណែកស្មើគ្នា ពីប្រទេសទាំង៣នេះ ។
រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសបារាំង លោក Florence Parly បានបង្ហោះសារមួយលើបណ្ដាញ សង្គមធ្វីតធ័រដូច្នេះថា “ប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ់ កំពុងតែកសាងឧបករណ៍ដ៏សំខាន់បំផុតមួយ សម្រាប់អធិបតេយ្យភាព របស់ពួកគេ ហើយនោះជារបស់អឺរ៉ុបក្នុងសតវត្សទី២១”។
ប្រែសម្រួល៖ប៉ាង កុង