បរទេស ៖ ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានធ្វើការបន្ធូរបន្ថយជាខ្លាំង នូវការរឹតបន្តឹង ដោយសារជម្ងឺកូវីដ១៩ សម្រាប់កន្លែងភាគច្រើន នៅទូទាំងប្រទេស នៅថ្ងៃចន្ទនេះ ដោយអនុញ្ញាត ឲ្យប្រជាជនប្រមូលផ្តុំជួបជុំគ្នា ចូលរួមគ្រប់សកម្មភាពសង្គម បរិភោគអាហារ និងចូលក្នុងហាងនានា ។
ប្រជាពលរដ្ឋនៅប្រទេសអង់គ្លេស ប្រទេសវែល និងប្រទេសស្កុតឡែនភាគច្រើន នៅក្នុងពេលបច្ចុប្បន្ននេះ អាចជួបជុំជាក្រុមមានមនុស្ស៣០នាក់ ទៅសាលារៀង ទៅមហាវិទ្យាល័យនិងសាកលវិទ្យាល័យ ដោយផ្ទាល់ និងទៅកន្លែងហាត់ប្រាណ ទីតាំងកីឡា អាងហែលទឹក សូណានិងបន្ទប់ស្ទីម។
ចំណែកបម្រាមលើការ ធ្វើដំណើរទៅបរទេស ក៏ត្រូវបានដកចេញ ដោយទុកតែការរឹតបន្តឹងជាក់លាក់នានា សម្រាប់បណ្ដាប្រទេសមួយចំនួន ដែលនៅបន្តប្រឹងប្រែង ធ្វើការទប់ស្កាត់ការរាតត្បាតឆ្លងនៃជម្ងឺកូវីដ១៩ ដូចជាប្រទេសឥណ្ឌជាដើម។
យោងតាមទីភ្នាក់ងារសារព័ត៌មាន BBC News បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបានឈានដល់ចំណុចដ៏សំខាន់មួយទៀត នៅក្នុងគម្រោងចេញពីបម្រាមគោចរ របស់យើង ប៉ុន្តែយើងត្រូវតែបោះជំហានបន្ទាន់នេះ ជាមួយការប្រុងប្រយ័ត្នខ្ពស់បំផុត” ៕ ប្រែសម្រួល៖ប៉ាង កុង