បរទេស ៖ ទីភ្នាក់ងារ United Launch Alliance តាមសេចក្តីរាយការណ៍ នៅរសៀលថ្ងៃអង្គារ សប្ដាហ៍នេះ បានធ្វើការបាញ់បង្ហោះ នូវផ្កាយរណបព្រមាន ប្រាប់សញ្ញាមីស៊ីលថ្មីមួយ ចេញពីរដ្ឋផ្លរីដា ចូលទៅក្នុងគន្លងលំហ សម្រាប់កងទ័ពអវកាស សហរដ្ឋអាមេរិក ។
យោងតាមកងកម្លាំងអវកាស សហរដ្ឋអាមេរិក បានឲ្យដឹងថា ផ្កាយរណបមានឈ្មោះថា SBIRS GEO 5 នេះ គឺជាផ្កាយរណបទី៥ ក្នុងចំណោមស៊ែរីផ្កាយរណប ប្រើប្រាស់ប្រព័ន្ធចាប់សញ្ញាអាំងហ្វ្រារ៉េដ ដើម្បីចាប់សញ្ញាការបាញ់មីស៊ីល នៅជុំវិញពិភពលោក ។
មួយនៅក្នុងចំណោមប្រព័ន្ធ ចាប់សញ្ញាអាំងហ្វ្រារ៉េដនោះ នាពេល បច្ចុប្បន្ន នៅបន្តធ្វើការស្គែនផែនដី ដើម្បីផ្តល់ឲ្យនូវសមត្ថភាព ព្រមានប្រាប់ជាមុនពីសញ្ញាមីស៊ីល យុទ្ធសាស្ត្រលើពិភពលោក នៅគ្រប់ពេលវេលាទាំងអស់ នេះបើយោងតាមក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ។
ចំណែកលោកឧត្តមសេនីយ៍ឯក កងទ័ពអាកាសអាមរិក Adam Farah បាន មានប្រសាសន៍ថា ផ្កាយរណប SBIRS គឺធ្លាប់ត្រូវបានគេប្រើប្រាស់ នៅក្នុងខែមករា ឆ្នាំ២០២០ នៅពេលដែលអ៊ីរ៉ង់ ធ្វើការវាយប្រហារទៅលើមូលដ្ឋាន ទ័ពអាកាស Al Asad ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ជាទីដែលកងទ័ពអាមេរិក ឈរជើងប្រចាំការ ៕ ប្រែសម្រួល៖ប៉ាង កុង