សិង្ហបុរី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ថា លោក Ong Ye Kung រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានថ្លែងកាលពីថ្ងៃអង្គារថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer-BioNTech ត្រូវបានអនុញ្ញាត ដោយអាជ្ញាធរវិទ្យាសាស្ត្រ សុខាភិបាល (HSA)ដើម្បីប្រើប្រាស់ សម្រាប់កុមារអាយុចន្លោះពី១២ ទៅ១៥ឆ្នាំ ។
ចាប់ពីថ្ងៃពុធ អ្នកដែលមានអាយុពី៤០ទៅ៤៤ឆ្នាំ ក៏នឹងត្រូវបានអញ្ជើញ ឱ្យចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំង របស់ពួកគេផងដែរ ។
ការចាក់វ៉ាក់សាំង សម្រាប់អ្នកដែលមានអាយុ ពី១២ទៅ១៥ឆ្នាំ ។
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer-BioNTech ត្រូវបានផ្តល់ជូន តែចំពោះអ្នកដែលមាន អាយុចាប់ពី១៦ឆ្នាំឡើងទៅ ។
វ៉ាក់សាំង ត្រូវបានផ្តល់ការអនុញ្ញាត ជាបណ្តោះអាសន្នដោយ HSA ស្ថិតក្រោមដំណើរការឆ្លង រាតត្បាតពិសេស នៅក្នុងខែធ្នូឆ្នាំមុន ។ នៅពេលនោះ ទិន្នន័យសម្រាប់កុមារ ដែលមានអាយុក្រោម១៦ឆ្នាំ មិនទាន់មាននៅឡើយទេ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីក្រុមការងារ ចម្រុះក្រសួង លោក Ong បានថ្លែងកាលពីថ្ងៃអង្គារថា គណៈកម្មាធិការជំនាញ ស្តីពីការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ នឹងមានការយល់ព្រម របស់ពួកគេផងដែរ ក្នុងការប្រើប្រាស់វ៉ាក់សាំង សម្រាប់កុមារ ដែលមានអាយុ ពី១២ទៅ១៥ឆ្នាំ ។
គាត់បានឲ្យដឹងទៀតថា “ក្រុមទាំងពីរ បានវាយតម្លៃថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer-BioNTech បានបង្ហាញ ពីប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ សម្រាប់ក្រុមអាយុនេះ ដែលមានអាយុពី១២ទៅ១៥ឆ្នាំ ដែលវាស្របនឹងអ្វីដែលយើង បានសង្កេតឃើញសម្រាប់ មនុស្សពេញវ័យ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា