ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង​ ៖ លោក ពូទីន និងលោក បៃដិន គួរតែពិភាក្សាគ្នា ពីស្ថិរភាពយុទ្ធសាស្ត្រ

បរទេស ៖ វិមានក្រឹមឡាំង នៅថ្ងៃពុធនេះ បាននិយាយថា ស្ថិរភាពយុទ្ធសាស្ត្រ គួរតែជាកំពូល លើរបៀបវារៈ នៃជំនួបកំពូលអនាគត រវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន ទាំងជាមួយនឹងរឿង ចំណងមិត្តភាពទ្វេភាគី ។

លោក ចូ បៃដិន ដែលកាលពីក្នុងខែមីនា បាននិយាយថា លោកគិតថា លោក ពូទីន គឺជាឃាតករមួយរូប បណ្ដាលឲ្យទីក្រុងមូស្គូ កោះហៅឯកអគ្គរដ្ឋទូតខ្លួន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ឲ្យវិលត្រឡប់ទៅប្រទេស ដើម្បីធ្វើការពិភាក្សាគ្នានោះ នាពេលថ្មីៗនេះ បាន មានប្រសាសន៍ថា លោកចង់ប្រារព្ធ ធ្វើកិច្ចពិភាក្សា ជាមួយលោក ពូទីន នៅក្នុងអំឡុងដំណើរទស្សនកិច្ច ទៅតំបន់អឺរ៉ុប នាខែក្រោយនេះ ។

ចំណែកសេតវិមាន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ភាពខ្វែងគំនិតគ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ នឹងត្រូវការឲ្យធ្វើការ ដោះស្រាយជាចាំបាច់ នៅមុនពេលមានជំនួប កំពូលបែបនោះ រវាងមេដឹកនាំ នៃប្រទេសទាំងពីរ ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលថ្មីៗនេះផងដែរ វិមានក្រឹមឡាំង បានបញ្ជាក់ប្រាប់ថា ខ្លួនកំពុងតែធ្វើការសិក្សា ពីភាពអាចទៅរួច នៃការប្រារព្ធធ្វើជំនួបកំពូល សម្រាប់លោកប្រធានាធិបតី អាមេរិកនិងប្រធានាធិបតីរុស្ស៊ី ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top