ព័ត៌មានអន្តរជាតិ

គ្រូបង្រៀន​ មីយ៉ានម៉ា ជាង១២៥.០០០នាក់ ត្រូវបញ្ឈរជើង ពីបទប្រឆាំង នឹងរដ្ឋប្រហារ

បរទេស ៖ មន្ត្រីសហព័ន្ធគ្រូបង្រៀន មីយ៉ានម៉ាមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយថា គ្រូបង្រៀនជាង១២៥.០០០នាក់ នៅក្នុងប្រទេសមីយ៉ានម៉ា នាពេលថ្មីៗនេះ ត្រូវអាជ្ញាធរយោធាផ្អាកការងារ ពីបទចូលរួមជា មួយសកម្មភាពតវ៉ាស៊ីវិល ប្រឆាំងនឹងរដ្ឋប្រហារយោធា ក្នុងខែកុម្ភៈ ។

ការបញ្ឈរជើងពីការងារនេះ គឺត្រូវបានធ្វើឡើង នៅក្នុងពេលប៉ុន្មានថ្ងៃមុន ពេលចាប់ផ្តើមការសិក្សាឆ្នាំថ្មី ដែលគ្រូបង្រៀននិងអាណាព្យាបាលខ្លះ កំពុងតែធ្វើពហិការ ជាផ្នែកនៃយុទ្ធនាការបង្កភាព អសកម្មដល់ប្រទេស ចាប់តាំងពីរដ្ឋប្រហារ បានធ្វើឲ្យប៉ះពាល់ដល់កំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។
មន្ត្រីសហព័ន្ធគ្រូបង្រៀន ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ ព្រោះភ័យខ្លាចមានការសងសឹក ពីរបបយោធានោះ បាននិយាយប្រាប់ថា គ្រូបង្រៀន សរុបចំនួន១២៥.៩០០នាក់ ត្រូវបានផ្អាកពីការងារនៅថ្ងៃសៅរ៍ម្សិលមិញនេះ ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យថ្មីបំផុត ពី២ឆ្នាំមុន បានឲ្យដឹងថា ប្រទេសមីយ៉ានម៉ាមានគ្រូបង្រៀនតាមសាលារដ្ឋចំនួន៤៣០.០០០នាក់។
តាមសេចក្តីរាយការណ៍មន្ត្រីដដែលនោះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ទាំងនេះត្រឹមតែជា សេចក្តីថ្លែងការណ៍ ដើម្បីគម្រាមកំហែងឲ្យប្រជាជនវិល ត្រឡប់ទៅធ្វើការងារវិញ ហើយប្រសិនបើពួកគេពិត ជាបណ្ដេញមនុស្សដ៏ច្រើននេះមែននោះ ប្រព័ន្ធទាំងមូលនឹងឈប់ដំណើរការ”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top