បរទេស៖ មន្ត្រីជាន់ខ្ពស់ចិនប្រចាំនៅតំបន់ទីបេ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិន នឹងធ្វើការលើកកម្ពស់ការដឹកនាំ របស់បក្សកុម្មុយនិស្តនៅតំបន់ទីបេ ដើម្បីពង្រឹងបន្ថែមនូវការអភិវឌ្ឍសេដ្ឋកិច្ច និងណែនាំសង្គមទីបេ ដោយអនុលោមតាមលទ្ធិសង្គមនិយម។
កងទ័ពចិនបានចូលក្នុងតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥០ ហើយមួយឆ្នាំក្រោយមក រដ្ឋាភិបាលចិន បានទទួលបានការគ្រប់គ្រង ជាផ្លូវការលើតំបន់នោះ និងអ្នកទីបេដែលជឿមុតមាំលើព្រះពុទ្ធសាសនា។ ចំណែកសម្តេចសង្ឃ ដាឡៃឡាម៉ា បានភៀសព្រះអង្គចេញពីតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥៩ ក្រោយបរាជ័យក្នុងការបះបោរមួយ ប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងប៉េកាំង លេខាធិការបក្សកុម្មុយនិស្តប្រចាំនៅតំបន់ទីបេ លោក Wu Yingjie បានមានប្រសាសន៍ប្រាប់ថា “ជាបឋមនិងសំខាន់បំផុត យើងត្រូវតែលើកកម្ពស់ការដឹកនាំរបស់ បក្សកុម្មុយនិស្តរបស់ប្រទេសចិន”។
លោក Wu Yingjie បានមានប្រសាសន៍បន្ថែមទៀតថា “ចាប់តាំងពីការរំដោះតំបន់ទីបេ ដោយសន្តិវិធីនៅក្នុងឆ្នាំ១៩៥១មក មនុស្សគ្រប់រូបបានដឹងថា មានតែជាមួយការដឹកនាំបក្សប៉ុណ្ណោះ អាចឲ្យទីបេបន្តលើផ្លូវនៃការអភិវឌ្ឍ ប្រកបដោយភាពរីកចម្រើននេះ” ៕
ប្រែសម្រួល៖ ប៉ាង កុង
