បរទេស ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃអង្គារនេះ បានប្តេជ្ញាក្នុង ខណៈធ្វើបេសកកម្ម នៅតំបន់មជ្ឈិមបូព៌ាថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ការគាំទ្រ ឧបត្ថម្ភដើម្បីកសាងឡើងវិញ នូវតំបន់ហ្គាហ្សា ជាផ្នែកនៃកិច្ចប្រឹងប្រែង ជំរុញបទឈប់បាញ់គ្នា រវាងពួកហាម៉ាស់ និងប្រទេសអ៊ីស្រាអែល ។
ប៉ុន្តែលោក Antony Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានបំណងធ្វើឲ្យប្រាកដ ក្នុងចិត្តថា ពួកហាម៉ាស់ ដែលខ្លួនចាត់ទុកថា ជាអង្គការភេរវកម្ម មិនបានទទួលផលប្រយោជន៍ ពីជំនួយមនុស្សធម៌ របស់សហរដ្ឋអាមេរិកនោះ ។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើដំណើរ ទស្សនកិច្ចក្នុងតំបន់ របស់លោក នៅទីក្រុងយេរូសាឡឹម ជាទីដែលលោកប្រារព្ធធ្វើកិច្ច ពិភាក្សាគ្នាជាមួយ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu។ ក្នុងខណៈនិយាយប្រាប់ អ្នកសារព័ត៌មាន មេដឹកនាំអ៊ីស្រាអែល បានគម្រាមធ្វើការ ឆ្លើយតដ៏ខ្លាំងក្លា ប្រសិនបើពួកហាម៉ាស់ ធ្វើការវាយប្រហាររ៉ុកកែត ឆ្លងព្រំដែនជាថ្មី ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Antony Blinken បានមានប្រសាសន៍ថា “យើងដឹងថា ដើម្បីទប់ស្កាត់មិនឲ្យអំពើហិង្សា វិលត្រឡប់មកវិញ យើងត្រូវតែប្រើប្រាស់ ទីតាំងដែលបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាធំៗ និងបញ្ហាប្រឈមនានា” ៕
ប្រែសម្រួល៖ប៉ាង កុង