រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រេស៊ីល ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអង្គារថា មានអ្នក្កស្លាប់បន្ថែមទៀតចំនួន២.១៧៣នាក់ ដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសបានកើនឡើង ដល់៤៥២.០៣១នាក់ ។
ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបន្ថែមទៀត ដែលបានរកឃើញមានចំនួន៧៣.៤៥៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបទូទាំងប្រទេសកើនដល់១៦.១៩៤.២០៩នាក់ ។
ក្រសួងបានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រេស៊ីល មានអ្នកស្លាប់ប្រមាណ២១៥នាក់ ក្នុងចំណោមពលរដ្ឋ១០០.០០០នាក់ ។
ប្រេស៊ីល ជាប្រទេស ស្ថិតក្នុងលំដាប់លេខ២ ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ច្រើនបំផុតលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។
ប្រេស៊ីល បានចាក់វ៉ាក់សាំង ដល់ពលរដ្ឋចំនួន៦៣,៤លាននាក់ ជាមួយគ្នានេះដែរ ពលរដ្ឋចំនួន២០,៩លាននាក់បានទទួលការចាក់វ៉ាក់សាំងបានគ្រប់២ដូស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា