បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងជួបគ្នានៅក្នុងប្រទេសស្វីស សម្រាប់ជំនួបកំពូលជាលើកដំបូង របស់មេដឹកនាំទាំងពីរ នេះបើតាមសេចក្តី រាយការណ៍មួយ ពីកាសែត Tages-Anzeiger ។
កាសែតខាងលើដដែលនេះ បាននិយាយបន្ថែមថា គណៈប្រតិភូសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ទី ក្រុងហ្សឺណែវហើយ សម្រាប់គោលបំណងនោះ ហើយនិងមានការរាយការណ៍ ពីការឃើញយន្តហោះដឹកទំនិញខុសប្រក្រតី របស់សហរដ្ឋអាមេរិកមួយគ្រឿង ធ្វើការចុះចតនៅអាកាសយានដ្ឋាន នៃទីក្រុងនោះ កាលពីថ្ងៃអាទិត្យ ។
កាសែត Tages-Anzeiger បាននិយាយប្រាប់ថា ពេលវេលានិងទីកន្លែង នៃជំនួបរវាងលោក បៃដិន និងលោក ពូទីន នៅតែមិនទាន់ច្បាស់នៅឡើយ ប៉ុន្តែវាទំនងជានឹងធ្វើឡើង នៅក្នុងទីក្រុងហ្សឺណែវ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ក្រោយនេះ ។
គួរបញ្ជាក់ថា នៅពេលភ្លាមៗនេះ នៅមិនទាន់មានការអត្ថាធិប្បាយ ផ្លូវការណាមួយ ពីទីក្រុងវ៉ាស៊ីនតោន ឬក៏ពីទីក្រុង មូស្គូនោះទេ ។ ចំណងមិត្តភាពរវាងអាមេរិកនិងរុស្ស៊ី បានធ្លាក់ ចុះជាខ្លាំង ស្របពេលមានភាពតានតឹងជុំវិញ ការបង្កើនកម្លាំងយោធា រុស្ស៊ីនាពេលថ្មីៗនេះ នៅជិតប្រទេសអ៊ុយក្រែន និងក្តីព្រួយបារម្ភអំពីការ ប្រព្រឹត្តធ្វើរបស់ទីក្រុងមូស្គូ ចំពោះមេដឹកនាំប្រឆាំង រុស្ស៊ី លោក Alexei Navalny៕
ប្រែសម្រួល៖ប៉ាង កុង